ព័ត៌មានជាតិ

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ មានគម្រោងវិនិយោគចំនួន១៣៩ និងផ្ដល់ការងារជិត ៤ម៉ឺនកន្លែង

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានគម្រោងវិនិយោគសរុបចំនួន ១៣៩គម្រោង និងផ្តល់ការងារជូនដល់កម្មករនិយោជិត ប្រមាណ ៣៨.៥០០កន្លែង។

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ទទួលបានគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ មានទីតាំងស្ថិតក្នុងសង្កាត់កន្ទោក សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ អភិវឌ្ឍលើផ្ទៃដីទំហំ ៣៦០ហិកតា។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមដំណើរដោយ លោកអគ្គលេខាធិការ និងប្រតិភូអមដំណើរ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញបំពេញទស្សនកិច្ចបណ្តាក្រុមហ៊ុនមួយចំនួនក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

ដំណើរទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការតាមដាន ពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍថ្មីៗ ការស្វែងយល់អំពីឱកាសព្រមទាំងបទពិសោធន៍ការងាររបស់ក្រុមហ៊ុនមួយចំនួន ដែលវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ក៏ដូចជាដើម្បីបង្កើនការយកចិត្តទុកដាក់ និងពង្រឹងផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយវិនិយោគិន។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើរតួរនាទីជាអ្នកសម្របសម្រួលរវាងអ្នកវិនិយោគ និងស្ថាប័ននានារបស់រាជរដ្ឋាភិបាល ដើម្បីធានានូវប្រសិទ្ធភាពការងាររបស់វិស័យឯកជន ហើយការចុះទស្សនកិច្ចនេះគឺជាសកម្មភាពយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងយល់បន្ថែមទៀតអំពីតម្រូវការនានា និងបញ្ហាប្រឈមផ្សេងៗ របស់ក្រុមហ៊ុនដែលបានផ្ដល់ទំនុកចិត្តក្នុងការវិនិយោគនៅកម្ពុជា។ 

សូមបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុនមួយចំនួនបានបង្ហាញពីបទពិសោធន៍វិនិយោគនៅកម្ពុជា កន្លងមក ព្រមទាំងបានបង្ហាញពីការជឿទុកចិត្តនូវសក្ដានុពលសេដ្ឋកិច្ចនៅកម្ពុជា ដោយបានបន្តផ្តល់ទំនុកចិត្ត ពង្រីកការបណ្ដាក់ទុនវិនិយោគរបស់ខ្លួននៅកម្ពុជាកាន់តែច្រើនឡើង ដែលទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការពង្រីកឱកាសការងារ និងបង្កើនផលិតកម្មបន្ថែមទៀត៕

To Top