ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការងារសន្តិសុខ ជាឆ្អឹងខ្នងដ៏សំខាន់ នៃសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជាបាននិងកំពុងធ្វើយ៉ាងណាកសាង នូវភាពសុខដុមរមនាក្នុងសង្គម ខណៈកម្ពុជា បំពេញកិច្ចការងារយ៉ាងច្រើន ក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន។

នាឱកាសអនុញ្ញាតជូនលោក កៅ គឹមហួន អគ្គលេខាធិការ នៃសមាគមអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាជុំវិញការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនរួមទាំងការងារផ្សេងៗ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង, លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឲ្យដឹងថា ចំពោះការងារសន្តិសុខ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយចាត់ទុកថា «ជាឆ្អឹងខ្នងដ៏សំខាន់ នៃសេដ្ឋកិច្ចជាតិ»។

លោកឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ក្នុងនោះ កម្ពុជាបាននិងកំពុងធ្វើយ៉ាងណាកសាង នូវភាពសុខដមរមនាក្នុងសង្គម។ លើសពីនេះ កម្ពុជាបានដើរតួនាទី និងបំពេញកិច្ចការងារយ៉ាងច្រើនក្នុងកិច្ចសហប្រតិបត្តិការអាស៊ានពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងបន្តចូលរួមថែរក្សាសន្តិសុខ សន្តិភាពក្នុងតំបន់ផងដែរ»។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ដ្រី បានស្នើដល់អគ្គលេខាធិការអាស៊ាន បន្តជួយគាំទ្ររាល់គំនិតផ្ដួចផ្ដើមផ្សេងៗ ជាពិសេសក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីអនុវត្តគម្រោងនានា ឲ្យដំណើរការទៅបានជាឧត្ដមប្រយោជន៍រួមរបស់សហគមន៍អាស៊ានទាំងមូល ជាពិសេសលើការងារសន្តិសុខ។

ឆ្លើយតបនឹងប្រសាសន៍ប្រកបដោយអត្ថន័យនេះលោក កៅ គឹមហួន បានត្រៀមខ្លួនជានិច្ច ក្នុងការបន្តជួយគាំទ្រដល់កម្ពុជា ក៏ដូចជាបណ្ដារដ្ឋសមាជិកាទាំងអស់ ក្នុងយន្តការថ្នាក់តំបន់ដែលមានកន្លងទៅនេះ។
លោកអគ្គលេខាធិការអាស៊ាន ចាត់ទុកថា «ការថែរក្សាបាននូវសន្តិសុខ និងសន្តិភាព គឺជាកិច្ចការដ៏មានសារសំខាន់សំរាប់តំបន់អាស៊ានទាំងមូល ដែលកន្លងទៅនេះ រដ្ឋជាសមាជិកអាស៊ានទាំងអស់ មានកម្ពុជាផងនោះ បានចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន»៕

To Top