ភ្នំពេញ ៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រាប់តំណាងគណបក្សភ្លើងទៀន ថា ក្រសួងមហាផ្ទៃ មិនអាចចេញឬបញ្ជាក់លិខិតចុះបញ្ជីគណបក្សនយោបាយច្បាប់ដើមជូនបានឡើយ ព្រោះគ្មានច្បាប់អនុញ្ញាត។
ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបែបនេះបន្ទាប់ពីគណបក្សភ្លើងទៀនបានបាត់លិខិតចុះបញ្ជីគណបក្សនយោបាយ របស់គណបក្ស នៅក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ហើយបន្តទទូចសុំពីក្រសួងមហាផ្ទៃជាបន្តបន្ទាប់។
យោងតាមកំណត់ហេតុ ស្ដីពីកិច្ចប្រជុំពិភាក្សារវាងតំណាងក្រសួងមហាផ្ទៃ និងតំណាងគណបក្សភ្លើងទៀន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោក សុក ហាច ប្រធានស្ដីទីគណបក្សភ្លើងទៀន បានលើកឡើងថា កិច្ចប្រជុំនាថ្ងៃនេះ មានគោលបំណងដើម្បីស្នើសុំការសម្របសម្រួល ឬស្វែងរកដំណោះស្រាយករណីបាត់ឯកសារច្បាប់ដើម ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ដើម្បីធ្វើយ៉ាងណាអាចឲ្យគណបក្សភ្លើងទៀន បានចូលរួមការបោះឆ្នោត នាពេលខាងមុខ។ ព្រោះថា លិខិតបញ្ជាក់ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ គឺ គ.ជ.ប មិនទទួលយក ហើយ គ.ជ.ប តម្រូវយកតែប្រកាស ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ។
ជាការឆ្លើយតប លោក ប៊ុនហុន បានគូសបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក ក្រសួងមហាផ្ទៃ បានសម្របសម្រួលដោះស្រាយជូនគណបក្សភ្លើងទៀនច្រើនលើករួចមកហើយ នៅក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងច្បាប់បានកំណត់។
លោក បន្ដថា ករណីបាត់បង់ច្បាប់ដើម នៃប្រកាសចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ក្រសួង បានទទួលជួបតំណាងគណបក្សភ្លើងទៀន រហូតដល់លើកទី៤ រួមទាំងថ្ងៃនេះ បង្ហាញថា «មិនមែនក្រសួងបដិសេធ ឬមិនយកចិត្តទុកដាក់ក្នុងការស្វែងរកដោះស្រាយឲ្យគណបក្សភ្លើងទៀននោះទេ ប៉ុន្ដែគឺដោយសារ ច្បាប់ ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោត ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ មិនមានបទប្បញ្ញត្តិចែងកំណត់ឲ្យក្រសួងមហាផ្ទៃចេញជូនឯកសារចុះបញ្ជីច្បាប់ដើមជាថ្មី ឬឯកសារច្បាប់ទុតិយតា នៃប្រកាសស្តីពីការចុះបញ្ជីគណបក្សនយោបាយ ជូនគណបក្សនយោបាយដែលបាត់ ឬខូចខាតនោះឡើយ»។
ជាមួយគ្នានេះ លោក ប៊ុន ហុន បានប្រាប់បក្សភ្លើងទៀនថា ក្រសួងមហាផ្ទៃមានសមត្ថកិច្ចក្នុងការអនុញ្ញាតឱ្យបង្កើត និងចុះបញ្ជីគណបក្សនយោបាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។ ចំពោះការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោត គឺស្ថិតក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ដូច្នេះ ក្រសួងមហាផ្ទៃមិនអាចជ្រៀតជ្រែកកិច្ចការរបស់ស្ថាប័ន គ.ជ.ប បានឡើយ៕