ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសបន្តអញ្ជើញចុះពិនិត្យស្ថានភាព-វឌ្ឍនភាពសុខាភិបាល និងវត្តមាន ប្រចាំការ តាមមណ្ឌលសុខភាព ដើម្បីពង្រឹងការផ្តល់សេវាតាមមណ្ឌលសុខភាព នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ នាថ្ងៃ៤ វិច្ឆិកា បានផ្តាំផ្ញើសារចំនួន៥ជាគន្លឹះដល់មន្រ្តីសុខាភិបាលខេត្តនេះ សម្រាប់និរន្តរភាពនៃការអភិវឌ្ឍន៍ខ្លួនក្នុងការបម្រើវិស័យសុខាភិបាល។
ចំណុចទាំង៥នោះរួមមាន៖ ១-ត្រូវថែទាំសុខភាពខ្លួនជាប់ជាប្រចាំ និងកាន់តែខិតខំថែរក្សាសុខភាពមន្ត្រីសុខាភិបាល ដែលជាសហភាតរ ទោះបីលោកចូលនិវត្តន៍ក៏ដោយ។
២-បន្តខិតខំរក្សាចំណេះដឹង សមត្ថភាពជំនាញ តាមរយៈការចងក្រងជាក្រុមពហុឯកទេស ដើម្បីយកគ្រប់ករណីជំងឺស្មុគ្រស្មាញយកមកដោះស្រាយរួមគ្នា គ្រប់អង្គភាពសុខាភិបាលទាំងកម្រិតខេត្ត ស្រុក និងពិសេសកម្រិតមណ្ឌលសុខភាព។
៣-រៀបចំផែនការបណ្តុះបណ្តាលបន្តតាមជំនាញក្នុងអង្គភាពខ្លួន និងឆ្លុះបញ្ចាំងជាមួយអង្គភាពផ្សេងៗ ដែលជាសហភាតរ ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពរកដំណោះស្រាយ លើបញ្ហាផ្សេងៗ។
៤-រៀបចំផែនការត្រៀមទុកជាមុន បន្តលើកកម្ពស់អភិវឌ្ឍន៍ទាំងធនធានមនុស្ស ទាំងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ។
៥-បន្តខិតខំស្វែងរកដែគូអភិវឌ្ឍន៍ផ្សេងៗ រួមទាំងវិស័យឯកជន ដោយពាំនាំការចូលរួមពង្រីកវិសាលភាពនៃការអភិវឌ្ឍន៍ជាបន្តបន្ទាប់ក្នុងអង្គភាពសុខាភិបាលរបស់ខ្លួន។
ជាមួយគ្នានេះសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជូនមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលក្នុងខេត្តឧត្តរមានជ័យ ព្រមទាំងណែនាំឲ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល ចេះកែសម្រួលគ្នា សាមគ្គីភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួមធានា ដើម្បីការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។
សាស្រ្តាចារ្យរដ្ឋមន្រ្តី និងក្រុមប្រតិភូក្រសួងសុខាភិបាលក៏បានអញ្ជើញចុះពិនិត្យស្ថានភាពសុខាភិបាល ពេលវេលាយប់ ជួបមន្ត្រីមណ្ឌលយាមប្រចាំការ (ជាឧទារហរណ៍ មណ្ឌលសុខភាពដូនកែន មណ្ឌលសុខភាពចុងកាល់) ដោយបានណែនាំឱ្យបុគ្គលិកសុខាភិបាល បន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ពេលវេលា៕