បរទេស៖លោក Jens Stoltenberg អគ្គលេខាធិការ នៃប្លុកអង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រថា ជ័យជម្នះរបស់រុស្ស៊ីក្នុងជម្លោះ ជាមួយអ៊ុយក្រែន នឹងប៉ះពាល់ដល់សន្តិសុខ របស់អង្គការណាតូផង និងពិភពលោក ។
យោងតាមការចេញផ្សាយរបស់ RT លោកបានបន្ថែមថា៖ អង្គការណាតូនឹងបន្តគាំទ្រ រដ្ឋាភិបាលទីក្រុងគៀវជាមួយនឹងអាវុធ និងគ្រាប់រំសេវ ដើម្បីបញ្ចៀសលទ្ធផល គ្រោះថ្នាក់ បែបនេះ។
លោក Stoltenberg បាននិយាយនៅក្នុងសន្និសីទកាសែតរួម ជាមួយរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ក្នុងទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនកំពុងគាំទ្រ អ៊ុយក្រែន មិនត្រឹមតែដោយសារតែពួកគេបានយល់ព្រម លើវានៅក្នុងកិច្ចប្រជុំផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែ វាជាផលប្រយោជន៍របស់យើងក្នុងការធ្វើដូច្នេះផងដែរ។
គួរឲ្យដឹងដែរថារដ្ឋាភិបាលក្រុងគៀវ តែងតែបានច្រានចោលការចរចា ជាមួយរដ្ឋាភិបាលក្រុងម៉ូស្គូម្តងហើយម្តងទៀត ដោយទាមទារឲ្យដកទ័ពរុស្ស៊ីចេញ ពីគ្រប់ដែនដីទាំងអស់ ដែលអ៊ុយក្រែនទាមទារជារបស់ខ្លួន។
ដោយឡែកប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានរំលឹកឡើងវិញនូវការទាមទារនេះ នៅក្នុងបទសម្ភាសន៍ ជាមួយ រ៉យទ័រ នៅសប្តាហ៍នេះ ដោយបន្ថែមថា ទីក្រុងគៀវ នឹងបន្តការប្រយុទ្ធ ទោះបីជាគ្មានជំនួយពី សហរដ្ឋអាមេរិកក៏ដោយ ប្រសិនបើចាំបាច់ ៕
ប្រែសម្រួល៖ស៊ុនលី