ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រហារជីវិតបុរសម្នាក់ ដោយសម្ងាត់ ទាក់ទងនឹងការតវ៉ាដ៏កក្រើក កាលពីឆ្នាំមុន

VOA News

បរទេស ៖ ក្រុមសិទ្ធិមនុស្ស បាននិយាយថា ប្រទេសអ៊ីរ៉ង់បានប្រហារជីវិតបុរសម្នាក់ ដោយសម្ងាត់ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានកាត់ទោស បុរសរូបនោះពីបទសម្លាប់សមាជិក នៃកងកម្លាំងសន្តិសុខ ក្នុងអំឡុងពេលការតវ៉ាដ៏ធំ ដែលបានវាយលុកប្រទេសអ៊ីរ៉ង់ កាលពីឆ្នាំមុន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា វាជាការប្រហារជីវិតចំនួនប្រាំបី ដែលអ៊ីរ៉ង់បានអនុវត្ត នៅក្នុងករណីដែលទាក់ទង នឹងការតវ៉ាដែលបានផ្ទុះឡើង ក្នុងខែកញ្ញាឆ្នាំ ២០២២ បន្ទាប់ពីការស្លាប់នៅក្នុងការឃុំឃាំង របស់ឈ្មោះ Mahsa Amini ដែលជាយុវជនជនជាតិឃឺដដើមកំណើតជនជាតិអ៊ីរ៉ង់ដែលត្រូវបាន ចាប់ខ្លួនពីបទរំលោភលើច្បាប់ស្លៀកពាក់ដ៏តឹងរឹង របស់អ៊ីរ៉ង់សម្រាប់ស្ត្រី។

អង្គការសិទ្ធិមនុស្ស Hengaw ដែលមានមូលដ្ឋាននៅប្រទេសន័រវេស បាននិយាយថា បុរសឈ្មោះ Milad Zohrevand ត្រូវបានប្រហារជីវិត នៅពេលព្រឹកព្រលឹមនៅក្នុងពន្ធនាគារមួយ នៅភាគខាងលិច នៃទីក្រុង Hamadan ។ គាត់ត្រូវបានកាត់ទោសប្រហារ ជីវិតពីបទសម្លាប់មន្ត្រីឆ្មាំបដិវត្តន៍ម្នាក់ ក្នុងអំឡុងពេលការតវ៉ាមួយក្នុងទីប្រជុំជន Malayer កាលពីខែវិច្ឆិកា ឆ្នាំមុន។

អង្គការ Hengaw ដែលផ្តោតលើបញ្ហាជនជាតិឃឺដ បាននិយាយថា លោក Zohrevand មិនបានគេផ្តល់ ដំណឹងជាមុនថា ការប្រហារជីវិត របស់គាត់ជិតមកដល់នោះឡើយ ហើយមិនត្រូវបានអនុញ្ញាតឱ្យមានកិច្ចប្រជុំចុងក្រោយ ជាមួយគ្រួសារ របស់គាត់នោះដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top