ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ រហូតដល់១០របស់ចិន ប្រកាសលុបចោលជើងហោះហើរ ទៅកាន់ប្រទេសថៃ សម្រាប់ខែធ្នូ និងខែមករា ដោយសារការកក់សំបុត្រតិចជាងការរំពឹងទុក

The nation

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ចិនជាច្រើន រួមទាំង Air China, China Eastern និង Shanghai Airlines បានលុបចោលជើងហោះហើរទៅកាន់ប្រទេសថៃសម្រាប់ខែធ្នូ និងខែមករា ដោយសារការកក់សំបុត្រតិចជាងការរំពឹងទុក។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Suttipong Kongpool អគ្គនាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន១០ បានជូនដំណឹងអំពីការលុបចោលជើងហោះហើរ មកកាន់ប្រទេសថៃចាប់ពីខែក្រោយដល់ខែមករាឆ្នាំ ២០២៤ ។

ដើមឡើយ ជើងហោះហើរចំនួន ១០.៩៣៩ ត្រូវបានកំណត់ពេលសម្រាប់ខែធ្នូ ប៉ុន្តែមានតែ ៥.៨៥៨ ប៉ុណ្ណោះដែលត្រូវបានបញ្ជាក់ ដែលបង្ហាញពីការថយចុះ ៤៦ភាគរយ ។

សម្រាប់ខែមករា ឆ្នាំ ២០២៤ ក្នុងចំណោមជើងហោះហើរ ១០.៩៨៤ ដែលបានគ្រោងទុកដំបូង ការបញ្ជាក់ចុងក្រោយមានជើងហោះហើរចំនួន ៧.៤២០ ដែលបណ្តាលឱ្យមានការធ្លាក់ចុះ ៣២ភាគរយ។

លោក Piyasawat Amranand នាយកប្រតិបត្តិនៃផែនការស្តារធុរកិច្ចរបស់ Thai Airways International បានសន្មតថា ការលុបចោលនេះដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន និងគោលនយោបាយក្នុងការជំរុញទេសចរណ៍ក្នុងស្រុក។

លោកក៏បាននិយាយផងដែរថា គំនិតផ្តួចផ្តើមដូចជាការផ្តល់ទិដ្ឋាការដោយឥតគិតថ្លៃដល់ជនជាតិចិន មិនបានបណ្តាលឱ្យមានលំហូរនៃភ្ញៀវទេសចរច្រើនចូលមកប្រទេសថៃនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top