ភ្នំពេញ ៖ តាមរយៈសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា មហាសន្និបាត បានដាក់ចេញទិសដៅ ពង្រឹងខឿន ការពារជាតិ មិនឱ្យកម្លាំងណាមកបំផ្លាញ បានឡើយ ព្រមទាំងលុបបំបាត់ នយោបាយជ្រុលនិយម គ្រប់រូបភាព ពង្រឹងសន្តិសុខ និងសុវត្ថិភាពសង្គម ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
នាឱកាសនោះ មហាសន្និបាត បានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់ អំពីបញ្ហាប្រឈមនានា នៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ទាំងកត្តាខាងក្នុង ទាំងកត្តាខាងក្រៅ ហើយបានធ្វើស្វ័យត្រួតពិនិត្យចំពោះចំណុចខ្វះខាតផ្សេងៗ ក្នុងការអនុវត្ត គោលនយោបាយ ក៏ដូច ក្នុងការកសាងពង្រឹងគណបក្ស និងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ដែលត្រូវពុះពារ អនុវត្តឱ្យបានសម្រេច រួមមាន៖
-ពង្រឹងខឿនការពារជាតិ ថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ មិនឱ្យកម្លាំងណាមកបំផ្លាញបានឡើយ លប់បំបាត់នយោបាយជ្រុលនិយមគ្រប់រូបភាព ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្តទាំងផ្លូវកាយ និងផ្លូវចិត្ត។
-ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្ក និងការពារព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យជនណាមកបំពារបំពានបានឡើយ។ បន្តពង្រឹងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងលើកកម្ពស់ការគោរពសិទ្ធិមនុស្សតាមគន្លងនីតិរដ្ឋ។ ចូលរួមសកម្មក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាល ទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដោយគោរពម៉ឺងម៉ាត់តាម ច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។
-បន្តជំរុញដំណើរការកែទម្រង់ស៊ីជម្រៅក្នុងវិស័យនានាប្រកបដោយឆន្ទៈមុតស្រួច និងសង្គតិភាព តាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម និងការអភិវឌ្ឍ។ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ភាពស្អាតស្អំ និងឆ្លើយតបទាន់ ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
-រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ខិតខំជំរុញកំណើនសេដ្ឋកិច្ច ឆ្នាំ២០២៤ ឱ្យបានសម្រេច តាមការគ្រោងទុក លើមូលដ្ឋានប្រើប្រាស់ដោយឈ្លាស វៃនូវភាពអំណោយផល នានារបស់កម្ពុជា និងការជំរុញអនុវត្តនូវយុទ្ធសាស្ត្រ និងក្របខណ្ឌគោលនយោបាយនានា របស់រាជរដ្ឋាភិបាល នៅក្នុងវិស័យសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។
-បន្តជំរុញការអភិវឌ្ឍប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងចីរភាពហិរញ្ញវត្ថុ តាមស្មារតី «មិនបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់» និងស្មារតីបុរេសកម្ម សំដៅធានាសន្តិសុខ ប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ និង ងាយរងគ្រោះទាំងនៅទីជនបទ និងទីប្រជុំជន។ ព្រមជាមួយនោះ ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផលនូវកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ចំណុច និងកម្មវិធីជំនួយសង្គមផ្សេងៗទៀត ដើម្បីធានាស្ថិរភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាជន ៕