ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អំពាវនាវឲ្យឪពុក-ម្តាយជនសង្ស័យ ព្រហ្ម វិចិត្រសុសក្តា នាំកូនមកសារភាព

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់លោកមេធាវី ព្រហ្ម វិចិត្រសភា និងលោកស្រី សុខ លីណាត្រូវជាឪពុក-ម្តាយរបស់ជនសង្ស័យ ព្រហ្ម វិចិត្រសុសក្តានាំកូនខ្លួន ដែលជាជនបង្កបើករថយន្ដបុកគេស្លាប់ នៅខណ្ឌទួលគោក មកសារភាព និងបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា «ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ក្មួយប្រុស ជាជនសង្ស័យ បើករថយន្ដ Jeep ដែលបុកបុរសម្នាក់ ស្លាប់ នៅខណ្ឌទួលគោក ឬអាណាព្យាបាល សូមនាំកូនប្រុស មកសារភាព និងបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី»។

ក្រោយពីបានបើកបុកបុរសម្នាក់ស្លាប់ភ្លាមយុវជនខាងលើក៏បានរត់គេចខ្លួន ចំពោះបញ្ហានេះ លោកស្នងការរាជធានីភ្នំពេញ បានផ្តាំផ្ញើថា កុំរត់គេចខ្លួនបែបនេះ មិនអាចគេចពីផ្លូវច្បាប់មួយជីវិតបានទេ សមត្ថកិច្ចមិនដកដៃក្នុងការអនុវត្តន៍ច្បាប់ចំពោះករណីនេះបានទេ (ដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា បើនៅតែបន្តគេចខ្លួន សមត្ថកិច្ចនិងបន្តសុំដីកាតាមរកចាប់ខ្លួនបន្តទៀតហើយ)។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានការបញ្ចេញមតិយោបល់ផ្សេងៗគ្នា នៅតាមបណ្ដាញសង្គមគ្រាដែលអ្នកបើកបររថយន្ដបង្ក បានព្យាយាមគេចខ្លួនក្រោយកើតហេតុ ហើយគំរាមក្រុមគ្រួសាររបស់ជនរងគ្រោះមិនឲ្យដាក់ពាក្យបណ្ដឹង ជាថ្នូរជាមួយលុយ១០០០ដុល្លារដើម្បីបញ្ចប់រឿង។

សូមរំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ រវាងរថយន្ត Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2CB-9963 និងម៉ូតូ ត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហេតុការណ៍នេះ បានបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈអ្នកបើករថយន្ដគេចខ្លួនបាត់៕

To Top