ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ប្រើពាក្យគំរោះគំរើយថា នាយករដ្ឋមន្រ្តីរបស់ចិន មិនមែនជាមន្ត្រីជាន់ខ្ពស់ គ្រប់គ្រាន់ដែលស័ក្តិសម នឹងជួបជាមួយលោក

រូបភាពពី៖​ AFP

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានអះអាងកាលពីថ្ងៃពុធថា លោកពិតជាមិនបានស្វែងរកជួបនាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) នៅឯកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូសក្នុងសប្តាហ៍នេះទេ។ ការលើកឡើងនេះកើតមានចំពេលដែលប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា មន្ត្រីកំពូលរបស់ប្រទេសចិនបានបដិសេធសំណើរបស់លោក ហ្សេលេនស្គី សម្រាប់កិច្ចប្រជុំនៅក្នុងព្រឹត្តិការណ៍នេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ហ្សេលេនស្គី អះអាងថា នាយករដ្ឋមន្ត្រីមិនមែនជាមនុស្សដែលលោកត្រូវផ្តើមពិភាក្សានៅក្នុងប្រទេសចិននោះទេ ដោយលោក ហ្សេលេនស្គី បានអះអាងថា លោក លី ឈាង មិនមែនជាមន្ត្រីជាន់ខ្ពស់គ្រប់គ្រាន់ដែលស័ក្តិសមនឹងជួបជាមួយគ្នានោះទេ។

លោក ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា “មាននាយករដ្ឋមន្ត្រីចិន បន្ទាប់មកនាយករដ្ឋមន្រ្តីរបស់យើងនឹងជួបជាមួយគាត់។ ខ្ញុំចង់ជួបជាមួយមេដឹកនាំចិន។ តាមខ្ញុំដឹងនៅចិន លោក ស៊ី ជីនពីង ជាអ្នកធ្វើការសម្រេចចិត្ត ហើយនៅអ៊ុយក្រែន ខ្ញុំជាអ្នកធ្វើការសម្រេចចិត្ត។ ខ្ញុំមិនត្រូវការការសន្ទនាណាមួយនោះទេ ខ្ញុំត្រូវការការសម្រេចចិត្តសំខាន់ៗពីអ្នកដឹកនាំដែលធ្វើការសម្រេចចិត្តទាំងនេះ។

ការប្រើពាក្យគំរោះគំរើយពីសំណាក់លោក ហ្សេលេនស្គី បានកើតឡើងចំពេលមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលបង្ហាញថា ប្រធានាធិបតីអ៊ុយក្រែនពិតជាចង់ជួបលោក លី ឈាង នៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប៉ុន្តែសំណើនេះត្រូវបានភាគីចិនបដិសេធ។ រហូតមកដល់ពេលនេះ ទីក្រុងប៉េកាំងមិនបានធ្វើអត្ថាធិប្បាយលើការរំពឹងទុកនៃកិច្ចប្រជុំកម្រិតខ្ពស់ណាមួយជាមួយថ្នាក់ដឹកនាំអ៊ុយក្រែន ឬឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោក ហ្សេលេនស្គី នោះទេ។

នៅព្រឹកថ្ងៃដដែល សារព័ត៌មាន Politico បានរាយការណ៍ថា ប្រទេសចិនបានច្រានចោលរាល់ “ជំនួបផ្នែកការទូត” ជាមួយអ៊ុយក្រែននៅទីក្រុង Davos ទាំងស្រុងតាមការបង្គាប់បញ្ជារបស់រុស្ស៊ី។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់សារព័ត៌មានថា “ទីក្រុងប៉េកាំងបានច្រានចោលសំណើរបស់ទីក្រុងគៀវសម្រាប់កិច្ចប្រជុំមួយនៅចំណុចមួយចំនួនក្នុងអំឡុងពេលទស្សនកិច្ចប្រទេសស្វីសទៅវិញទៅមក” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top