ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបពិភាក្សាជាមួយក្រុមហ៊ុនធំៗរបស់ជប៉ុនចំនួន២គឺ Ehime Nissan និង Forval Corporation ចំពោះកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញជួសជុលរថយន្តតាមបែបស្តង់ដារជប៉ុននៅកម្ពុជា។
ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះលោក Yutaka Oka ប្រធានក្រុមប្រឹក្សាភិបាលEhime Nissan Group និងលោក Ken Matsumura ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Forval Corporation ដែលបានមកសិក្សាពីគុណវុឌ្ឍ និងសក្តានុពលរបស់កម្ពុជាលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសជាពិសេសផ្នែកគ្រឿងយន្ត។
លោករដ្ឋមន្ត្រីនិង ថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនទាំងពីរ បានបញ្ជាក់ជូនលោករដ្ឋមន្ត្រីអំពីជំនាញឯកទេសរបស់ក្រុមហ៊ុនលើការជួសជុល ថែទាំរថយន្ត តោន បាញ់ថ្នាំ និងសេវាកម្មមួយចំនួនទៀតដែលជាកម្រិតស្តង់ដាររបស់ប្រទេសជប៉ុន។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីស្វាគមន៍ និងគាំទ្រចំពោះបំណងនៃគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនជប៉ុនទាំងពីរនេះក្នុងការផ្តល់ជំនាញបច្ចេកទេសជួសជុល និងថែទាំរថយន្តកម្រិតស្តង់ដារជប៉ុននៅកម្ពុជា។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់ភាគីជប៉ុនពីការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងក្នុងដែនសមត្ថកិច្ចខ្លួនដើម្បីជួយជ្រោមជ្រែងកិច្ចសហប្រតិបត្តិការមួយនេះឱ្យបានជោគជ័យ៕