ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ៤៧២ ៩៤៦ហិកតា និងទទួលបានទិន្នផលចំនួន ៧០៩ ៤១៩តោន ហើយនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារអន្តជាតិ បានប្រមាណ ៦៥៦ ០០០ តោន។
លោកស្រីរដ្ឋមន្ដ្រី ចម និម្មល បានលើកឡើងបែបនេះក្នុងពិធីបើកសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រីរដ្ឋមន្ដ្រី បានគូសបញ្ជាក់ពីគោលបំណងក្នុងការរៀបចំសន្និសីទនេះ ដើម្បីប្រមូលផ្តុំអ្នកពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទីទាំងក្នុងស្រុក និងអន្តរជាតិ ធ្វើការពិភាក្សាចែករំលែកបទពិសោធន៍ សម្រាប់ជំរុញវិស័យស្វាយចន្ទី ស្វែងរកទីផ្សារក្នុងតំបន់ និងពិភពលោក រួមនឹងការដាក់តាំងពិព័រណ៍ និងការកសាងបណ្តាញវិស័យស្វាយចន្ទីលើពិភពលោក។
លោកស្រីរដ្ឋមន្ដ្រី បានថ្លែងថា «កម្ពុជាមានផ្ទៃដីដំាដុះស្វាយចន្ទីប្រមាណ ៤៧២ ៩៤៦ ហិកតា និងទទួលបានទិន្នផលសរុបចំនួន ៧០៩ ៤១៩តោន ចំណែកឯការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិបានចំនួនប្រមាណ ៦៥៦ ០០០ តោន ទៅកាន់ប្រទេស ចិន ជប៉ុន បង់ក្លាដែស ឥណ្ឌា វៀតណាម និងថៃ និងគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេស ចិន សាធារណៈរដ្ឋឆែក ជប៉ុន កូរ៉េខាងត្បូង ហូឡង់ វៀតណាម និងសហរដ្ឋអាមេរិក»។
នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ដើម្បីចូលរួមកលើកស្ទួយវិស័យសា្វយចន្ទីកម្ពុជាចំនួន ៧ រួមមាន៖ ទី១-ក្រសួងពាណិជ្ជកម្ម ត្រូវដឹកនាំ និង សម្របសម្រួលការអនុវត្តវិធានការ ដែលត្រូវបានកំណត់ ក្នុងគោលដៅជំរុញការកែច្នៃ និង ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈយន្តការ «គណៈកម្មការអន្តរក្រសួង ក្នុងការតាមដាន និង វាយតម្លៃការអនុវត្តគោលនយោបាយជាតិ ស្ដីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧»។
ទី២-ក្រសួង-ស្ថាប័ន និង វិស័យឯកជន ព្រមទាំងដៃគូពាក់ព័ន្ធ ត្រូវបន្តសហការឱ្យបានជិតស្និទ្ធ និង ចូលរួមអនុវត្តឱ្យបានពេញលេញ នូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧» ឱ្យមានប្រសិទ្ធភាព និង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានលទ្ធផល តាមការរំពឹងទុក។
ទី៣-ក្រសួងពាណិជ្ជកម្ម និង ភាគីពាក់ព័ន្ធ ត្រូវបន្តរៀបចំ និង ចូលរួមព្រឹត្តិការណ៍ធុរកិច្ច និង ជំនួបផ្គូផ្គងធុរកិច្ចពាណិជ្ជកម្មបែបនេះ ឱ្យបានញឹកញាប់។
ទី៤-វិនិយោគិនទាំងក្នុង និងក្រៅប្រទេសគួរពិនិត្យលទ្ធភាពវិនិយោគលើវិស័យ ស្វាយចន្ទីនៅកម្ពុជា ជាពិសេសការកែច្នៃ ដែលរាជរដ្ឋាភិបាល បាន និងកំពុងផ្តោតការយកចិត្តទុកដាក់។
ទី៥-ភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ត្រូវបន្តសហការ និងចែករំលែកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និង ពួតដៃគ្នាជាធ្លុងធំមួយ ដើម្បីជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា។
ទី៦-វិស័យឯកជន និង ដៃគូអភិវឌ្ឍន៍នានា ត្រូវជួយគាំទ្រ និង សហការ ឱ្យបានកាន់តែជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល ក្នុងការរួមគ្នាលើកកម្ពស់កេរ្តិ៍ឈ្មោះ និង កិត្យានុភាពស្វាយចន្ទីកម្ពុជា នៅលើឆាកអន្តរជាតិ។
និងទី៧-ស្នើសុំភ្ញៀវជាតិ និង អន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួម ក្នុងសន្និសីទស្វាយចន្ទី នាឱកាសនេះ ជួយផ្សព្វផ្សាយបន្តអំពីសក្តានុពល របស់ស្វាយចន្ទីកម្ពុជា៕


