ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចពិភពលោក ទំនងជានឹងកើនឡើង ២,៩ភាគរយ នៅឆ្នាំ២០២៤

Kyodo

តូក្យូ៖ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍បានឲ្យដឹងថា សេដ្ឋកិច្ចពិភពលោកទំនងជានឹងកើនឡើង ២,៩ភាគរយនៅឆ្នាំ២០២៤ ដែលត្រូវបានកែសម្រួលឡើង ពីការប៉ាន់ប្រមាណមុន ២,៧ ភាគរយ ចំពេលមានការរំពឹងទុកថាអតិផរណា ដែលកំពុងកើនឡើងនឹងនាំ ទៅរកការផ្លាស់ប្តូរទៅរកការកាត់បន្ថយ អត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

អង្គការដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសរំពឹងថា សហរដ្ឋអាមេរិកនឹងរាយការណ៍ពីកំណើន ២,១ ភាគរយនៅឆ្នាំនេះ កើនឡើងពី ១,៥ភាគរយគិតត្រឹមខែវិច្ឆិកា ដែលជួយដោយការប្រើប្រាស់ឯកជនខ្លាំង។ ទស្សនវិស័យ សម្រាប់តំបន់ចាយប្រាក់អឺរ៉ូត្រូវបានកាត់បន្ថយមកត្រឹម ០,៦ភាគរយពី ០,៩ ភាគរយ ខណៈដែលប្រទេសជប៉ុន ត្រូវបានគេព្យាករណ៍ថា នឹងឃើញអត្រាកំណើនរបស់ខ្លួន មិនផ្លាស់ប្តូរពីការព្យាករណ៍ពីមុននៅ ១ភាគរយ ប្រហែលពាក់កណ្តាលនៃ ១,៩ ភាគរយកាលពីឆ្នាំមុន។

បើទោះបីជាមានការកែប្រែការកើនឡើង ចំពោះទស្សនវិស័យទាំងមូលក៏ដោយ កំណើនសេដ្ឋកិច្ចពិភពលោក នៅតែត្រូវបានគេរំពឹងថានឹងធ្លាក់ចុះពី ៣,១ ភាគរយក្នុងឆ្នាំ២០២៣ ដែលធ្លាក់ចុះក្នុងរយៈពេលបីឆ្នាំជាប់គ្នា នេះបើយោងតាមរបាយការណ៍ ទស្សនវិស័យសេដ្ឋកិច្ចរបស់ OECD ។

ការសម្របសម្រួលនេះកើតឡើងបន្ទាប់ពី មានការកើនឡើងនៃអត្រាការប្រាក់ដោយ ធនាគារកណ្តាលអាមេរិក និងធនាគារកណ្តាលសំខាន់ៗផ្សេងទៀត ដើម្បីដោះស្រាយការឡើងថ្លៃ រួមជាមួយនឹងកំណើនយឺតនៅក្នុងប្រទេសចិន ចំពេលមានបញ្ហាអចលនទ្រព្យ។

ខណៈពេលដែលទីផ្សារហិរញ្ញវត្ថុរំពឹងថា ធនាគារកណ្ដាលអាមេរិក នឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ ប្រហែលជានៅក្នុងខែឧសភា ហើយធនាគារកណ្តាលអ៊ឺរ៉ុប ត្រូវបានគេមើលឃើញថា មានការផ្លាស់ប្តូរដើម្បីកាត់បន្ថយអត្រាការប្រាក់ ប្រទេសជប៉ុន អាចនឹងឃើញការបញ្ចប់គោលនយោបាយ អត្រាការប្រាក់អវិជ្ជមានរបស់ខ្លួននៅឆ្នាំនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top