ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍អាមេរិកថា រុស្ស៊ីមានឃ្លាំងអាវុធនុយក្លេអ៊ែរ លើសពីអាមេរិក

Sputnik

បរទេស៖ ឧត្តមសេនីយ៍ Anthony Cotton ដែលជាប្រធានទីបញ្ជាការយុទ្ធសាស្ត្រ អាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបង្កបញ្ហាប្រឈម យ៉ាងធ្ងន់ធ្ងរ ចំពោះការគ្រប់គ្រងយោធា របស់អាមេរិក ។ លោកបានប្រាប់គណៈកម្មាធិការ កងកម្លាំងប្រដាប់អាវុធរបស់ព្រឹទ្ធសភា អាមេរិកនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងមូស្គូមានឃ្លាំងអាវុធនុយក្លេអ៊ែរ ដែលលើសពីទីក្រុងវ៉ាស៊ីនតោន ហើយកំពុងធ្វើទំនើបកម្មយ៉ាងសកម្ម លើឃ្លាំងអាវុធទាំងនោះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា រួមជាមួយ នឹងប្រទេសចិន រុស្ស៊ីកំពុងធ្វើឱ្យប្រសើរឡើង យ៉ាងឆាប់រហ័សនូវជំហរ របស់ខ្លួនប្រឆាំងនឹង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន “នៅក្នុងតំបន់ជាច្រើន” ដោយបន្ថែមថាល្បឿន នៃការផ្លាស់ប្តូរទាំងនេះ កំពុងកើនឡើង ហើយឥឡូវនេះគឺលឿនជាង អ្វីដែលបានឃើញ “កាលពីប៉ុន្មានឆ្នាំមុនទៅទៀត។

លោកបានចង្អុលទៅលើសេចក្តីថ្លែងការណ៍ថ្មីៗ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបាននិយាយកាលពីដើមខែកុម្ភៈថា កម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ីបានធ្វើទំនើបកម្ម ស្ទើរតែទាំងស្រុង។ លោកបាននិយាយថា សមាសធាតុកងនាវាចរ នៃការរារាំងនុយក្លេអ៊ែរ របស់ប្រទេសរុស្ស៊ីត្រូវបានធ្វើទំនើបកម្មជិត១០០% ។

លោក Cotton បាននិយាយទៀតថា “បច្ចុប្បន្នរុស្ស៊ីកំពុងកាន់កាប់ឃ្លាំងអាវុធ នុយក្លេអ៊ែរធំបំផុត ដោយចង្អុលទៅមីស៊ីលអន្តរទ្វីប Sarmat និងនាវាមុជទឹកថ្មីម៉ាក Sarmat របស់ទីក្រុងម៉ូស្គូ ដែលមានសមត្ថភាពផ្ទុក អាវុធនុយក្លេអ៊ែរផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top