បរទេស៖ ខណៈដែលប្រជាជនប៉ាឡេស្ទីនតម្រង់ ជួរទទួលជំនួយនៅហ្គាហ្សា នៅព្រឹកថ្ងៃសុក្រ មន្ត្រីប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហាររ បស់អ៊ីស្រាអែលចំនួនពីរ បានកើតឡើង គឺមួយនៅកណ្តាលហ្គាហ្សា ទីពីរនៅភាគខាងជើង ដោយបានសម្លាប់ជន ស៊ីវិលជាច្រើននាក់។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងការវាយប្រហារពីរដាច់ ដោយឡែកពីគ្នា គឺមានមនុស្សសរុបយ៉ាងហោចណាស់ ២៩ នាក់បានស្លាប់ និង ១៥០នាក់ទៀតបានរងរបួស ខណៈដែលពួកគេរង់ចាំទទួលជំនួយ ។ នេះបើយោងតាមក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។
ការវាយប្រហារដំបូង មន្ត្រីសុខាភិបាល ប៉ាឡេស្ទីន បាននិយាយថា មនុស្ស ៨ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសលើមជ្ឈមណ្ឌល ចែកចាយជំនួយមួយនៅក្នុងជំរុំ al-Nuseirat នៅកណ្តាលហ្គាហ្សា ។
ក្រសួងសុខាភិបាលបាននិយាយទៀតថា ការវាយប្រហារទីពីរ គឺមនុស្សយ៉ាងហោចណាស់ ២១ នាក់បានស្លាប់ និងជាង ១៥០នាក់បានរងរបួសដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែលទៅលើហ្វូងមនុស្សដែលកំពុងរង់ចាំរថយន្តជំនួយនៅភាគខាងជើងហ្គាហ្សា។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងពិនិត្យមើល ឧប្បត្តិហេតុទាំងពីរនេះ។
ឧប្បត្តិហេតុនេះកើតឡើងពីរ ថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលត្រូវតែធ្វើឱ្យ សុខុមាលភាព របស់ជនស៊ីវិលប៉ាឡេស្ទីនជា “ការងារទី១” ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹង ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ៕
ប្រែសម្រួលៈ ណៃ តុលា