បរទេស៖ ប្រទេសអូស្ត្រាលីបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន។ អ្នកវិភាគនិយាយថា ចំណាត់ការនេះជាការឆ្លើយតបចំពោះការអះអាងកាន់តែខ្លាំងឡើងរបស់ចិននៅសមុទ្រចិនខាងត្បូង។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា មហិច្ឆតារបស់ចិននៅសមុទ្រចិនខាងត្បូង បន្តធ្វើឱ្យអូស្ត្រាលី សម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិក និងសហរដ្ឋអាមេរិក ព្រួយបារម្ភ។
ជាការឆ្លើយតប អូស្ត្រាលី អាមេរិក និងជប៉ុន បានយល់ព្រមបង្កើនសមយុទ្ធយោធាជាមួយហ្វីលីពីន។ មន្ត្រីការពារជាតិមកពីប្រទេសទាំងបួន គឺបានជួបប្រជុំគ្នានៅរដ្ឋហាវ៉ៃ កាលពីថ្ងៃសុក្រ ដោយប្រកាសពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការការពារសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់។
កាលពីដើមសប្តាហ៍នេះ ហ្វីលីពីនបានចោទប្រកាន់ចិនពី “សមយុទ្ធដ៏គ្រោះថ្នាក់” និង “ការយាយី” បន្ទាប់ពីការប្រើប្រាស់កាណុងបាញ់ទឹករបស់ចិន ប្រឆាំងនឹងនាវាហ្វីលីពីនពីរគ្រឿងក្នុងអំឡុងពេលល្បាតនៅសមុទ្រចិនខាងត្បូង។
កាលពីខែមុន អូស្ត្រាលី អាមេរិក និងជប៉ុនបានធ្វើសមយុទ្ធជើងទឹករួមលើកដំបូងក្នុងតំបន់។ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles បានប្រាប់អ្នកយកព័ត៌មានថា ទំនាក់ទំនងជិតស្និទ្ធ នឹងពង្រឹងសន្តិសុខ។ លោកថា “មានអំណាច និងសារៈសំខាន់នៅក្នុងប្រទេសចំនួនបួនរបស់យើងដែលធ្វើសកម្មភាពរួមគ្នា។ កិច្ចប្រជុំដែលយើងបានប្រារព្ធឡើងតំណាងឱ្យសារដ៏សំខាន់មួយទៅកាន់តំបន់ និងទៅកាន់ពិភពលោកអំពីលទ្ធិប្រជាធិបតេយ្យចំនួនបួនដែលប្តេជ្ញាចំពោះសណ្តាប់ធ្នាប់ផ្អែកលើច្បាប់សកល”។
អ្នកជំនាញជឿថា ការបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយហ្វីលីពីនគឺជាការប៉ុនប៉ងមួយដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ចិន៕
ប្រែសម្រួលៈ ណៃ តុលា