យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជា វីដេអូមួយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ីស្រាអែល នឹងបន្តការវាយប្រហារ របស់ពួកគេនៅតំបន់ហ្គាហ្សា ទោះបីជាមានការគំរាមកំហែង របស់សហរដ្ឋអាមេរិក ក្នុងការបញ្ឈប់ការដឹកជញ្ជូនអាវុធមួយចំនួនក៏ដោយ។
លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងក្នុងសុន្ទរកថា ជាសាធារណៈដែលបានធ្វើឡើង ក្នុងថ្ងៃរំលឹកដល់ការសម្លាប់រង្គាល នៅថ្ងៃអាទិត្យរបស់អ៊ីស្រាអែល ហើយបានបង្ហោះលើគណនី X ផ្លូវការរបស់លោកនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា “ប្រសិនបើអ៊ីស្រាអែល ត្រូវបានបង្ខំឱ្យឈរតែឯង នោះ អ៊ីស្រាអែលនឹងឈរតែឯង”។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបន្ថែមថា “គ្មានសម្ពាធច្រើនទេ ដែលនឹងបញ្ឈប់អ៊ីស្រាអែលពីការការពារខ្លួន” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្នុងអំឡុងពេលសម្ភាសន៍ CNN កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា លោកនឹងបញ្ឈប់ការដឹកជញ្ជូនអាវុធមួយចំនួន របស់អាមេរិកទៅកាន់ប្រទេសអ៊ីស្រាអែល ប្រសិនបើលោក ណេតាន់យ៉ាហ៊ូ បើកការលុកលុយដ៏ធំនៃទីក្រុងរ៉ាហ្វា ដែលជាទីក្រុងភាគខាងត្បូងបំផុតនៃតំបន់ហ្គាហ្សា ដែលមានប្រជាជនប៉ាឡេស្ទីនជាង ១លាននាក់កំពុងភៀសខ្លួន។
លោក បៃដិន បានលើកឡើងថា “យើងមិនដើរចេញពីសន្តិសុខ របស់អ៊ីស្រាអែលនោះទេ យើងកំពុងដើរចេញពីសមត្ថភាព របស់អ៊ីស្រាអែលក្នុងការធ្វើសង្រ្គាម នៅក្នុងតំបន់ទាំងនោះ” ។
ប្រធានាធិបតីអាមេរិកបានទទួលស្គាល់ថា អ៊ីស្រាអែលបានប្រើគ្រាប់បែកអាមេរិក លើជនស៊ីវិលនៅហ្គាហ្សា។ លោក បៃដិន បានឲ្យដឹងថា “ជនស៊ីវិលត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា ដោយសារតែការបំផ្ទុះគ្រាប់បែកទាំងនោះ និងមធ្យោបាយផ្សេងទៀត ដែលពួកគេដើរតាមមជ្ឈមណ្ឌលប្រជាជន” ៕
ប្រែសម្រួល ឈូក បូរ៉ា