ព័ត៌មានជាតិ

ប្រតិភូសភាតំណាងប្រជាជនចិន នឹងបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ថ្ងៃ

ភ្នំពេញ៖ គណៈប្រតិភូសភាតំណាងប្រជាជនចិន ដឹកនាំដោយលោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

បើតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា នៅក្នុងកំឡុងពេលទស្សនកិច្ចផ្លូវការនេះ លោក Shohrat Zakir នឹងចូលជួបសម្ដែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ លោក Shohrat Zakir នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិង កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូនៃសភាតំណាងប្រជាជនចិន នឹងអញ្ជើញជួបពិភាក្សា ការងារជាមួយអភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងទស្សនាប្រាសាទបុរាណនានា ក្នុងខេត្តសៀមរាប ផងដែរ៕

To Top