ព័ត៌មានជាតិ

ក្រុមហ៊ុន Hanshin E&C បង្ហាញបំណងពង្រីកទុនវិនិយោគ លើវិស័យហិរញ្ញវត្ថុ នៅកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីបានដំណើរការអាជីវកម្ម អស់រយៈពេល១០ឆ្នាំ នៅកម្ពុជាហើយនោះ លោក Choi Yong-Sun ប្រធានក្រុមហ៊ុន Hanshin E&C បានបង្ហាញបំណង ពង្រីកទុនបន្ថែម វិនិយោគ លើវិស័យហិរញ្ញវត្ថុ ។

នេះបើតាមការលើកឡើងរបស់លោក ក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ​​ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ។

ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាព នៃការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន Hanshin E&C រយៈពេលប្រមាណ១០ ឆ្នាំនៅកម្ពុជា លើវិស័យសំណង់ និងវិស័យហិរញ្ញវត្ថុ។

ជាមួយគ្នានេះ លោកប្រធានក្រុមហ៊ុន ក៏បានជម្រាបជូនសម្តេចធិបតីថា តាមរយៈប្រតិបត្តិការអាជីវកម្ម ក្នុងរយៈពេលប្រមាណ​ ១០ឆ្នាំមកនេះ ក្រុមហ៊ុនបានសិក្សាស្វែងយល់ច្រើន អំពីការធ្វើអាជីវកម្មនៅកម្ពុជា ហើយក្រុមហ៊ុនកំពុងតែសិក្សាបន្ថែមទៀត ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន លើវិស័យហិរញ្ញវត្ថុ។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយ ដែលបានជួបពិភាក្សាការងារ ជាមួយលោកប្រធានក្រុមហ៊ុន និងសហការី និងបានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន ដែលបានបោះទុនវិនិយោគ នៅកម្ពុជា។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណ ដល់លោកប្រធានក្រុមហ៊ុន Hanshin E&C ដែលបានបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុន ក្នុងការពង្រីកទុនវិនិយោគ នៅកម្ពុជាលើវិស័យហិរញ្ញវត្ថុ។

ទន្ទឹមនោះ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនលោកប្រធានក្រុមហ៊ុនថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសម្របសម្រួល និងគាំទ្រដល់សកម្មភាពវិនិយោគ​​ និងធុរកិច្ច​ នៅកម្ពុជា និងលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តស្វែងរកនូវឱកាសវិនិយោគថ្មីៗបន្ថែមទៀត ៕

To Top