ស្វាយរៀង ៖ លោកស្រីបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ ២០២៤ នេះបានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តស្វាយរៀង អាណត្តិទី៤ ដែលប្រារព្ធឡើងនៅសាលាខេត្តស្វាយរៀង។
ពិធីនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ។
នៅក្នុងឱកាសនោះ លោកស្រីបណ្ឌិត សភាចារ្យ ភឿង សកុណា បានថ្លែងគូសបញ្ជាក់ថា ក្រុមប្រឹក្សាគឺជាតំណាង ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋាន គតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹង តម្រូវការប្រជាពលរដ្ឋក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន ដូច្នេះ ក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផល ប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ពិសេសគឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។
ជាមួយគ្នានេះ លោកស្រីបណ្ឌិតសភាចារ្យបានអបអរសាទរចំពោះ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោត ជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤ នេះ ដើម្បីបន្តចូលរួមដឹកនាំ ខេត្តស្វាយរៀង ជាមួយគណៈអភិបាលខេត្ត។
លោកស្រីបណ្ឌិតសភាចារ្យបានជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅខេត្តស្វាយរៀងត្រូវរឹតបន្តឹង និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមតាមបទបញ្ជាដ៏មុឺងម៉ាត់ របស់សម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ជាមួយគ្នានេះ មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយ ការអប់រំសុខមាលភាព ជូនប្រជាពលរដ្ឋឱ្យបាន ទូលំទូលាយបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានសុខភាពល្អ ក្នុងការប្រកបរបរចិញ្ចឹមជីវិត ឲ្យកាន់តែមានជីវភាពប្រសើរឡើងថែមទៀត។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាអាណត្តិទី៤ របស់រដ្ឋបាលខេត្តស្វាយរៀង មានសមាជិកចំនួន ២៣រូប ក្នុងនោះលោកម៉ែន វិបុល ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមប្រឹក្សា ខេត្តស្វាយរៀងផងដែរ៕