បរទេស៖យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងយោធារុស្ស៊ីបានកម្ទេចយន្តហោះចម្បាំងចំនួន ៩ គ្រឿង ដែលប្រតិបត្តិការដោយកងទ័ពអាកាសអ៊ុយក្រែនក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះប៉ុណ្ណោះ។
យោធារុស្សីបានបញ្ចេញវីដេអូដែលបង្ហាញពីការវាយប្រហារតាមអាកាសលើអាកាសយានដ្ឋាន Mirgorod របស់អ៊ុយក្រែនក្នុងតំបន់ Poltava។
ក្រសួងការពារជាតិរុស្សីបាននិយាយថា យន្តហោះចម្បាំង Sukhoi Su-27 សរុបចំនួន៧គ្រឿងត្រូវបានបំផ្លាញ ឬខូចខាតនៅក្នុងការវាយប្រហារដោយមីស៊ីល Iskander-M ។ព័ត៌មានបន្ថែមក្រោយមកបានរាយការណ៍ថា Su-27 និង MiG-29 មួយគ្រឿងទៀតត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។
របាយការណ៍បាននិយាយថា ពួកគេក៏បានស្ទាក់ចាប់មីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយអង់គ្លេសចំនួន៦ គ្រាប់បែក AASM Hammer ផលិតដោយបារាំង គ្រាប់រ៉ុក្កែត HIMARS និងយន្តហោះគ្មានមនុស្សបើកចំនួន៨១រួមទាំងយន្តហោះគ្មានមនុស្សបើក Bayraktar TB2 ដែលផលិតនៅប្រទេសតួគី។
គួរឲ្យដឹងដែរថារដ្ឋាភិបាលទីក្រុងគៀវនៅតែបន្តស្នើឱ្យអ្នកគាំទ្របរទេសរបស់ខ្លួនផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ខណៈដែលខ្លួនបន្តបាត់បង់យន្តហោះយោធាផលិតដោយសូវៀតបន្តបន្ទាប់រហូតមក៕
ប្រែសម្រួល៖ស៊ុនលី