ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត វី ឌុច្ជដា អ្នកឯកទេស ជំងឺទឹកនោមផ្អែម បានលើកឡើងពីករណីជំងឺទឹកនោមផ្អែមប្រភេទទី១ ភាគច្រើនកើតលើកុមារតូចៗ ដោយសារកក្តាអង់ទីគ័រ និងប្រព័ន្ធភាពស៊ាំក្នុងខ្លួន ។
លោកវេជ្ជបណ្ឌិត វី ឌុច្ជដាបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៤ កក្កដាថា “ជំងឺទឹកនោមផ្អែមដែលកើតលើកុមារ ឬក៏យើងហៅថា ជំងឺទឹកនោមផ្អែមប្រភេទទី១ អាហ្នឹងភាគច្រើនវាកើតទៅលើកុមារ ។ មូលហេតុអាចនិយាយបានថា វាអាចកើតឡើងដោយសារកក្តាអង់ទីគ័រ ឬក៏ប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនយើងម្យ៉ាងដែលវាធ្វើការប្រឆាំង នឹងខ្លួនឯង ឬក៏កោសិកាលំពែងហ្នឹង ដែលធ្វើឲ្យខូចខាតកោសិកាមួយប្រភេទ របស់លំពែងដែលបញ្ចេញអ៊ីនសូលីន” ។
ដើម្បីការពារកុំឲ្យកុមារកើតជំងឺទឹកនោមផ្អែមនេះ លោកវេជ្ជបណ្ឌិតក៏បានផ្ញើសារទៅប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នផងដែរ ពិសេសស្រ្តីមានផ្ទៃពោះ ។
ការលើកឡើងរបស់លោកបែបនេះ បន្ទាប់ពីខាងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធាបុប្ផាបានរកឃើញថា មានកុមារកម្ពុជាប្រមាណជា៧០០នាក់ បានកើតជំងឺទឹកនោមផ្អែមមួយប្រភេទ ៕