ព័ត៌មានអន្តរជាតិ

UN៖ មនុស្សជាង ១លាននាក់ នៅតំបន់ខារីបៀន រងផលប៉ះពាល់ដោយព្យុះសង្ឃរា Beryl

AFP

អ.ស.ប៖ អង្គការមនុស្សធម៌នៃអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា មនុស្សជាង១លាននាក់ នៅតំបន់ខារីបៀន ត្រូវបានរងនូវផលប៉ះពាល់ ដោយសារព្យុះសង្ឃរា Beryl ។

ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) បានឲ្យដឹងថា មនុស្សប្រហែល៤០.០០០នាក់ បានរងផលប៉ះពាល់នៅក្នុងទីក្រុង Saint Vincent និងមានមនុស្សលើសពី ១១០.០០០នាក់នៅ Grenada និងមានមនុស្សចំនួន៩២០.០០០នាក់នៅ Jamaica ។

ព្យុះ Beryl ជាខ្យល់ព្យុះប្រភេទទី៤  ដែលបានឆក់យកជីវិតមនុស្សអស់តិចបំផុត ១១នាក់គិតមកទល់នឹងពេលនេះ ហើយព្យុះនេះបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញនៅ Grenada និង Saint Vincent និង Grenadines កាលពីថ្ងៃចន្ទ បន្ទាប់មកបានបង្កឲ្យមាន ផលប៉ះពាល់ដល់ប្រទេសហ្សាម៉ាអ៊ីក កាលពីថ្ងៃពុធ ហើយខ្យល់ព្យុះសង្ឃរាមួយនេះ កំពុងវាយប្រហារមកលើប្រទេសបេលីហ្ស និងម៉ិកស៊ិក ផងដែរ ។

អង្គការអន្តរជាតិទទួលបន្ទុកកិច្ចការចំណាកស្រុក បានរាយការណ៍មកថា នៅក្នុងប្រទេស Grenada ខ្យល់ព្យុះបានបង្កការខូចខាត យ៉ាងខ្លាំងដល់ដែនកោះ Carriacou និង Petit Martinique ដែលអគារ ចំនួន៧០ភាគរយ និងនៅ Saint Vincent ត្រូវបានខូចខាតអស់ ៩៧ភាគរយ និងនៅ Grenadines ផ្ទះ ចំនួន៩០ភាគរយនៅលើកោះ Union ត្រូវបានរងផលប៉ះពាល់ ខណៈដែលនៅលើកោះ Canouan អគារស្ទើរតែទាំងអស់បានរងការខូចខាត ។

អង្គការ OCHA បានឲ្យដឹងថា ខ្លួនបានដាក់ពង្រាយក្រុមជួយសង្គ្រោះ ទៅកាន់ប្រទេសនៅតំបន់ ខានរីបៀន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ឆ្លើយតបរបស់ពួកគេ ហើយទឹកប្រាក់ចំនួន៤លានដុល្លារសហរដ្ឋអាមេរិក អាចរកបានពីមូលនិធិឆ្លើយតបគ្រោះអាសន្នកណ្តាល របស់អង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមប្រតិបត្តិការមនុស្សធម៌នៅ Grenada, Jamaica និង Saint Vincent និងនៅ Grenadines ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top