កំពង់ស្ពឺ៖ លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថាការតបំបែកបណ្តាញអគ្គិសនី ដោយគ្មានបច្ចេកទេស គឺជារឿងគ្រោះថ្នាក់បំផុត ដូច្នេះទាមទារឱ្យយើងទាំងអស់គ្នា ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដើម្បីបញ្ជៀសនូវហានិភ័យជាយថាហេតុ។
ការលើកឡើងដូចនេះ នៅពេលដែលឯកឧត្តមបានដឹកនាំក្រុមការងារ នៃមន្ទីរពាក់ពន្ធ័ជុំវិញខេត្ត និងមន្ត្រីសាខាកាកបាទក្រហមខេត្ត ចុះជួបសំណេះសំណាល និងរំលែកទុក្ខជាមួយគ្រួសារសព ដែលរងគ្រោះដោយឆក់ខ្សែភ្លើង រសៀលថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៤ខណៈដែលជនរងគ្រោះ ជាយាយយកចៅទៅមុជទឹកក្នុងបន្ទប់ទឹក ដែលឆ្លងចរន្តអគ្គិសនី តាមជញ្ជាំងស័ង្កសីបណ្ដាលឲ្យឆក់ស្លាប់ និងជនរងគ្រោះជាតាម្នាក់ទៀត រត់ទៅជួយ ហើយក៏បានឆក់ស្លាប់បន្តបន្ទាប់។
ពិធីរំលែកទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនទៀតចែកជូន ដល់ក្រុមគ្រួសារសពចំនួនបីនាក់នេះធ្វើឡើងនៅវត្តសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤។
លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងទៀតថា ហេតុការណ៍ដែលបណ្តាលឱ្យស្លាប់បុរសស្ត្រីជាប្តីប្រពន្ធ និងកុមារជាចៅ ដោយឧបទ្ទវហេតុឆក់ចរន្តអគ្គិសនីខាងលើ គឺជាសោកនាដកម្ម ដ៏អាក្រក់មួយសម្រាប់ក្រុមគ្រួសាររងគ្រោះ ហើយក៏ជាការបាត់បង់ឪពុកម្ដាយជាទីគោរព និងកូនជាទីស្រឡាញ់។
ជាមួយគ្នានេះផងដែរឯកឧត្តមបណ្ឌិត ក៏សូមឱ្យបងប្អូនកូនក្មួយ ដែលជាសមាជិកគ្រួសារទាំងអស់ ត្រូវទប់អារម្មណ៍ និងកាត់ចិត្ត ហើយគិតថា ពួកគាត់ (សព) បានស្ងប់នៅក្នុងឋានបុរមសុខហើយ។
លោក ជាម ចន្ទ័សោភ័ណ បានគូសបញ្ជាក់ថា ហេតុការណ៍ឆក់ចរន្តអគ្គិសនីសម្លាប់ជនរងគ្រោះ៣នាក់ខាងលើនេះ គឺជាសារដាស់តឿនមួយដល់បងប្អូនប្រជាពលរដ្ឋទូទៅ ឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះការតបំបែកខ្សែភ្លើងដោយខ្លួនឯង ដែលមិនមានជំនាញច្បាស់លាស់ ឱ្យបញ្ឈប់ជាបន្ទាន់នូវគិតអវិជ្ជមាននេះ ហើយងាក់ទៅរកមន្ត្រីបច្ចេកទេស ដែលគេមានជំនាញច្បាស់លាស់វិញ នៅពេលដែលចង់តឬបំបែកចរន្តសម្រាប់ប្រើប្រាស់នៅតាមទីតាំងផ្សេងៗផងដែរ៕
ដោយ៖សុខ សុភ័ណ្ឌ


