ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យប្រជាពលរដ្ឋ ដាំដើមឈើ ឲ្យបានច្រើនដើម្បីរក្សាគម្របពណ៍បៃតង ការពារជីវៈចម្រុះ ដើម្បីលើកកម្ពស់គុណភាពជីវិតរស់នៅ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធ ដាំដើមឈើឲ្យបានច្រើន ដើម្បីរក្សាគម្របពណ៏បៃតង ការពារប្រព័ន្ធអេកូឡូហ្ស៊ី ប្រព័ន្ធជីវៈចម្រុះ និងការផ្ដល់នូវផាសុខភាពសម្រាប់ការរស់នៅ និងការលើកកម្ពស់គុណភាពជីវិតរស់នៅ ឱ្យមានភាពប្រសើរឡើង ។

លោកអភិបាលខេត្ត បានអំពាវនាវដូច្នេះនៅព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៤ នៅពេលប្រារព្ធ រុក្ខទិវា ៩ កក្កដា ថ្នាក់ខេត្ត នៅបរិវេណបឋមសិក្សា ហ៊ុន ណេង ស្ថិតនៅក្នុងភូមិទ័ព ឃុំសុភាស ស្រុកស្ទឹងត្រង់ ដោយមានការអញ្ជើញចូលរួមជាអធិបតី ពីលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណជា ជិត៥០០នាក់។

លោកអភិបាលខេត្ត បានថ្លែងទៀតថា ព្រៃឈើមានទំនាក់ទំនងជាសារវ័ន្តជាមួយជីវិតលើភពផែនដី មូលហេតុចម្បងដែលនាំឱ្យជួបវិបត្តិធម្មជាតិ គឺមួយផ្នែកធំបណ្តាលមកពីការបាត់បង់និងរិចរិលព្រៃឈើ។ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមដោះស្រាយឱ្យបានជាអតិបរិមា ដើម្បីការពារធម្មជាតិមានតម្លៃនៅកម្ពុជា តាមរយៈការថែរក្សា ការការពារ និងដាំដើមឈើឡើងវិញឱ្យបានជាអតិបរិមា។

ម្យ៉ាងទៀតព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានសារៈសំខាន់ក្នុងការរក្សានូវលំនឹងបរិស្ថាន ដែលមានមុខងារជាច្រើនដូចជា រក្សានិយតកម្មប្រភពទឹក ការពារទីជម្រាល ការពារការហូរច្រោះ ទាក់ទាញទឹកភ្លៀង បន្សុទ្ធខ្យល់អាកាស ផ្តល់ផល អនុផលព្រៃឈើសំរាប់ប្រើប្រាស់ រក្សា ជីវចម្រុះ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទេសចរណ៍ធម្មជាតិអេកូឡូស៊ី វប្បធម៌ និងជាទីជម្រកដ៏សុខសាន្តសម្រាប់សត្វគ្រប់ប្រភេទ ដែលមានជីវិតនៅលើភពផែនដីយើងនេះ៕

To Top