ហ្សាការតា ៖ មន្ត្រីជាន់ខ្ពស់មួយរូប នៃក្រុមអ្នកជួយសង្គ្រោះបានលើកឡើងថា ចំនួនអ្នកជួយសង្គ្រោះត្រូវ បង្កើនទ្វេដង និងបានដាក់ពង្រាយម៉ាស៊ីនធុនធ្ងន់ និងឧទ្ធម្ភាគចក្រចំនួន ១គ្រឿងផងដែរ សម្រាប់រុករក អ្នករងគ្រោះដោយសារគ្រោះបាក់ដី និងគ្រោះទឹកជំនន់ភ្លាមៗនៅតំបន់ Bone Bolango ខេត្ត Gorontalo ។
លោក Bagus Asrama ប្រធានអង្គភាពប្រតិបត្តិការ ស្រាវជ្រាវប្រចាំខេត្ត និងការិយាល័យជួយសង្គ្រោះខាងលើ បានឲ្យដឹងថា សាកសពចំនួន២៣នាក់ ត្រូវបានរកឃើញ និងចំនួន៣៥នាក់ផ្សេងទៀតកំពុង បាត់ខ្លួននៅឡើយ ។
លោក Asrama បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា “យើងបានរកឃើញសាកសពចំនួន២៣នាក់ ហើយកំពុងបន្តរុករកអ្នកផ្សេងទៀតចំនួន៣៥នាក់” ។
ចំនួននៃអ្នកជួយសង្គ្រោះដែលពាក់ព័ន្ធនឹងប្រតិបត្តិការបានបង្កើនដល់៤៧៣នាក់ គិតត្រឹមថ្ងៃអង្គារ ដែលកើនឡើងពី២៨៣នាក់កាលពីថ្ងៃកើតហេតុដំបូង ។ ក្រុមជួយសង្គ្រោះបានចូលរួម ក្នុងនោះរាប់ បញ្ចូលទាំង អ្នកជំនាញ និងអ្នករុករកក្នុងស្រុក និងមន្ត្រីជួយសង្គ្រោះ កងទ័ព មន្ត្រីប៉ូលិស ទីភ្នាក់ងារ គ្រោះមហន្តរាយក្នុងតំបន់ និងវិទ្យាស្ថានផ្សេងៗ ។
គាត់បានលើកឡើង “ថ្ងៃស្អែក យើងនឹងបន្តស្រាវជ្រាវនៅតំបន់ជាច្រើនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ ជាពិសេសតំបន់ជុំវិញជំរំជាច្រើន”
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា