វ៉ាស៊ីនតោន៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានយល់ច្រឡំថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន ជាលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ NATO កាលពីថ្ងៃព្រហស្បតិ៍ នេះជាកំហុសមួយដែលបានកើតឡើង នៅប៉ុន្មានម៉ោងមុនពេលធ្វើសន្និសីទសារព័ត៌មាន ដែលអាចសម្រេចជោគវាសនា នៃការចូលរួមប្រជែងសម្រាប់បោះឆ្នោត ឡើងវិញចំពោះរូបគាត់ផងដែរ ។
បុរសដែលមានវ័យ៨១ឆ្នាំរូបនេះ បានកែតម្រូវខ្លួនឯងវិញយ៉ាងឆាប់រហ័ស ហើយលោក Zelenskyy បានឆ្លើយថា គាត់ “ល្អ” ជាងលោក ពូទីន ប៉ុន្តែភាពច្របូកច្របល់របស់គាត់ដូច្នេះ បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីបញ្ហាផ្លូវចិត្តរបស់លោក បៃដិន ក្រោយពីការបង្ហាញអំពីការជជែកដេញដោល ដ៏ខ្លាំងក្លាប្រឆាំងនឹងលោក ដូណាល់ ត្រាំ កាលពី២សប្តាហ៍មុន ។
លោក បៃដិន បានថ្លែងនៅគ្រាដែលគាត់បានប្រកាសរួមរវាងអង្គការ NATO និងអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូលនៅក្រុងវ៉ាស៊ីនតោនថា “ហើយឥឡូវនេះ ខ្ញុំចង់ប្រគល់កិច្ចការនេះទៅឱ្យលោកប្រធានាធិបតី ពូទីន! លោក Zelenskyy ដែលមានភាពក្លាហានដូចអ្វីដែលគាត់បានធ្វើការប្តេជ្ញាចិត្ត លោកប្រធានាធិបតី” ។
ភ្លាមៗនោះ លោក បៃដិន បានងាកចេញពីតុវេទិកា នៅមុនពេលត្រលប់មកកាន់កន្លែងរបស់គាត់វិញ ហើយលាន់មាត់ថា ”ប្រធានាធិបតីពូទីន! គាត់នឹងវាយលោកប្រធានាធិបតីពូទីន ។ លោកប្រធានាធិបតី Zelenskyy ខ្ញុំផ្តោតខ្លាំងលើការវាយប្រហារលើលោក ពូទីន យើងត្រូវបារម្ភអំពីរឿងនេះ ។ ទោះយ៉ាងណាក៏ដោយ លោកប្រធានាធិបតី” ។
កំហុសនេះបានធ្វើឱ្យមានការងឿងឆ្ងល់នៅក្នុងបន្ទប់ប្រជុំ ប៉ុន្តែលោក Zelenskyy មេដឹកនាំសម័យសង្គ្រាមរបស់អ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី នៅឆ្នាំ២០២២ បានអស់សើចនឹងការលើកឡើងនេះ ។ មេដឹកនាំសម្ព័ន្ធមិត្តនៅក្នុងកិច្ចប្រជុំកំពូល បានដាក់ជាសំណួរអំពីលោក បៃដិន ហើយចម្លើយរបស់ពួកគេបានគាំទ្រយ៉ាងច្រើន ។
លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ បានថ្លែងបន្ទាប់ពីមានកំហុសចុងក្រោយ របស់លោកប្រធានាធិបតីថា “ការជ្រុលមាត់បែបនេះបានកើតឡើង ហើយប្រសិនបើអ្នកគ្រប់គ្នាកុំគិតច្រើននោះ អ្នកនឹងយល់នូវអ្វីៗគ្រប់គ្រាន់ហើយ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា