ព័ត៌មានជាតិ

សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្ហាញការគាំទ្រសម្តេចធិបតី មិនឱ្យរថយន្តតាក់ស៊ីអគ្គិសនី បរទេសធ្វើអាជីវកម្មនៅកម្ពុជា

ភ្នំពេញ៖ សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានសហភាពសហជីពការងារសន្តិភាព សមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាពនិងសមាគមសារព័ត៌មានសុក្រឹត បានចេញញត្តិគាំទ្រប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមិនបានអនុញ្ញាតឱ្យរថយន្តតាក់ស៊ីអគ្គិសនី របស់បរទេស និងប្រទេសជិតខាងចូលមកប្រកបអាជីវកម្មនៅក្នុងប្រទេស។

តាមរយៈញត្តិគាំទ្រចុះថ្ងៃទី១៦ ខែកក្កដា សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញការគាំទ្រចំពោះប្រសាសន៍សម្តេចធិបតីតាមរយៈសារសំឡេងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដែលសម្តេចមិនបានអនុញ្ញាតឱ្យចេញអាជ្ញាប័ណ្ណរថយន្តតាក់ស៊ីអគ្គីសនីរបស់បរទេសនិងប្រទេសជិតខាង ចូលមកប្រកប អាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បញ្ជាក់តាមរយៈញត្តិគាំទ្រនោះថា៖«តាមរយៈសារសំឡេងពិសេស សម្តេចមហាបវរធិបតី ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា មានចិត្តរំភើប រីករាយយ៉ាងក្រៃលែង ជាពិសេសបងប្អូនអាជីវករ អ្នករត់ម៉ូតូឌុប កង់បីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរថយន្តតាក់ស៊ីគ្រប់ប្រភេទ»។

ប្រភពដដែលបន្ថែមថា៖«ថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់តាមបណ្តារាជធានីខេត្ត សូមគាំទនៅសារសំឡេងដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយជាតិ យុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ ដែលតែងតែគិតគូរដល់សុខទុក្ខ របស់បងប្អូនអាជីវករ អ្នករត់ម៉ូតូឌុប កង់បី និងរថយន្តតាក់ស៊ី សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រឆាំងដាច់ខាត និងថ្កោលទោសចំពោះក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូចដែលមានចេតនាញុះញង់បង្កើតនូវព័ត៌មានមិនពិត ឱ្យប្រជាពលរដ្ឋយល់ច្រឡំ ចោទប្រកាន់មកលើរាជរដ្ឋាភិបាលថាបានអនុញ្ញាតឱ្យរថយន្តតាក់ស៊ីអគ្គីសនីបរទេសមកប្រកបអាជីវកម្មនៅកម្ពុជា៕

To Top