ភ្នំពេញ៖ មេសហជីពនៅកម្ពុជាលើកឡើងថា អង្គការសង់ត្រាល់បម្រើ បរទេសធ្វើរបាយការណ៍លើផ្នែកសិទ្ធិមនុស្ស សិទ្ធិកម្មករនិងសិទ្ធិបញ្ចេញមតិនិយាយតែពីតម្លាភាព និងគណនេយ្យភាពមិនដាច់ពីមាត់ ប៉ុន្តែបែរជព្យាយាមគេចវេស មានលេសមិនចេះចប់នៅពេលអាជ្ញាធរ មានសមត្ថកិច្ចពង្រឹងការអនុវត្តតម្លាភាព និងគណនេយ្យភាព លើការទទួល បានហិរញ្ញវត្ថុរបស់ខ្លួន។
លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ថ្លែងថា អង្គការសង់ត្រាល់គ្មានតម្លាភាពនៅក្នុងអង្គភាពរបស់ខ្លួននោះទេ។គ្មានតម្លាភាពត្រង់ថា នៅពេលអង្គការវិជ្ចាជីវៈហៅថាសហជីព ក៏ដូចជាកម្មករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធស្នើឱ្យអង្គការនេះបង្ហាញគណនេយ្យភាព បង្ហាញលក្ខន្តិកៈ បង្ហាញជំនួយបរទេសរបស់ខ្លួន បែរជាអង្គការនេះមិនហ៊ានបង្ហាញ ហើយថែមទាំងបង្វែរដាន ស្វែងរកការអន្តរាគមន៍ពី
សមាគមខាងក្រៅ ប្រទេសឱ្យជួយបិទបាំងការពារកំហុសរបស់ខ្លួនទៅវិញ។
លោកថ្លែងថា៖«គួរឱ្យអស់សំណើចណាស់ ដែលគាត់[អង្គការ សង់ត្រាល់] តែងតែប្រកាសក្តែងៗឱ្យស្ថាប័នក៏ដូចជាអង្គការដទៃធ្វើការឱ្យមានតម្លាភាពប៉ុន្តែសម្រាប់គាត់ជាអង្គការវិជ្ជាជីវៈមួយផងដែរ គាត់គ្មានតម្លាភាពខ្លួនឯង»។
លោក ហង្ស រ៉ាវី បញ្ជាក់ថា ជារឿងអាម៉ាស់បំផុត នៅពេលតំណាងកម្មករក្នុងវិស័យកាត់ដេរ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន៤ម៉ឺននាក់បានដង្ហែរក្បួនទៅដាក់ញត្តិថ្កោលទោសចំពោះការបញ្ចេញរបាយការណ៍អង្គការសង់ត្រាល់ កាលពីថ្ងៃទី១៤ ខែមិថុនា ថ្នាក់ដឹកនាំអង្គការនេះកំសាករួញក្បាលដូចអណ្តើកក្នុងស្នូក មិនហ៊ានចេញមកប្រឈមមុខជាមួយការពិត ក្នុងការទទួលយកញត្តិពីក្រុមកម្មករ។
រីឯលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា ការដែលអង្គការសង់ត្រាល់មិនហ៊ានលាតត្រដាង ពីព័ត៌មានគណនេយ្យភាពនិងតម្លាភាពរបស់ខ្លួន ទៅអាជ្ញាធរមានសមត្ថកិច្ច គឺជារឿងអាមាស់ និងគួឱ្យអស់សំណើចបំផុត។ អស់សំណើចត្រង់ថា ពាក្យតម្លាភាពគណនេយ្យភាពនោះ ជាវោហាសព្ទដ៏ពេញនិយមបំផុតរបស់សង់ត្រាល់ រហូតពេលខ្លះអង្គការនេះបានរិះគន់ចោទប្រកាន់ទៅលើសហជីពដោយលាបពណ៌ថាជាសហជីពពណ៌លឿង ថាជាសហជីពគ្មានគណនេយ្យភាព គ្មានតម្លាភាព រណបរដ្ឋាភិបាល ឬជាសហជីពមិនឯករាជ្យជាដើមប៉ុន្តេ សង់ ត្រាល់ បែរជាមិនបានមើលខ្លួនឯង ដែលជាខ្ញុំបម្រើដាច់ថ្លៃរបស់បរទេស ធ្វើតែតាមបញ្ជាគេ។
លោកថ្លែងថា៖«សង់ត្រាល់មិនមែនជាអង្គការមួយដែលមានគណនេយ្យភាព តម្លាភាព និងសុច្ចរិតភាពត្រឹមត្រូវនោះទេបើអង្គការនេះមានភាពត្រឹមត្រូវខ្លាចអីក្នុងការបង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ចដើម្បីសវនកម្ម» ។
លោកបានលើកឡើងទៀតថា បើសិនជាអង្គការសង់ត្រាល់មានសុច្ចរិតភាព គណនេយ្យភាព តម្លាភាពពិតប្រាកដមែននោះមិនចាំបាច់ភ័យខ្លាចបារម្ភពេករហូតដល់ពឹងសមាគមបរទេសនេះ សមាគមបរទេសនោះមកធ្វើអន្តរាគម ដើម្បីធ្វើការរារាំងពាំងនូវកំហុសរបស់ខ្លួននោះទេ។ សង់ត្រាល់ខ្លួនឯងត្រូវហ៊ានប្រឈមមុខ បង្ហាញនូវការពិត ហើយទទួលស្គាល់កំហុស៕