ព័ត៌មានជាតិ

ទូតចិនថ្មី៖ ប្រទេសចិន-កម្ពុជាតែងតែមានភាពជិតស្និទដូចគ្រួសារតែមួយ

ភ្នំពេញ៖ លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា មេដឹកនាំរបស់ចិនតែងតែចាត់ទុកសុខទុក្ខរបស់ប្រទេសកម្ពុជា គឺជាសុខទុក្ខរបស់ប្រទេសចិនដូចគ្នា ហើយប្រទេសទាំងពីរមានភាពជិតស្និទដូចគ្រួសារតែមួយ និងតែងតែជួយគ្នាទៅវិញទៅមក។

ការលើកឡើងរបស់លោក វ៉ាង វិនពិន ធ្វើឡើងក្នុងឱកាសស្ថានទូតចិនប្រចាំកម្ពុជារៀបចំការអបអរសាទរ ខួបអនុស្សាវរីយ៍លើកកទី៦៦ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ(ចិន-កម្ពុជា) និងការអបអរសាទរ ការចូលកាន់តំណែងរបស់លោកជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា នារាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ជ្រោយចង្វារ។

កម្មវិធីនេះមានការចូលរួមពីសំណាក់អតីតមេដឹកនាំកំពូលៗ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦និងវត្តមានមេដឹកនាំរបស់កម្ពុជានាអាណត្តិទី៧ នេះព្រមទាំងវត្តមានអ្នកជំនួញ ធំៗផងដែរ។

ថ្លែងក្នុងឱកាសនេះ លោក វ៉ាង វិនពិន បានលើកឡើងថា ក្នុងអំឡុងពេល ៦៦ឆ្នាំកន្លងមក ចិននិងកម្ពុជា តែងតែគាំទ្រគ្នាទៅវិញទៅមកគោរពគ្នាទៅវិញទៅមក ស្មើភាពគ្នា រួមសុខរួមទុក្ខ និងបន្តគាំទ្រគ្នា និងមានការស្វែងយល់កាន់តែស៊ីជម្រៅ ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ប្រទេសទាំងពីរតែងតែមានភាពជិតស្និទដូចគ្រួសារតែមួយ ស្មើភាពគ្នា និងតែងតែជួយគ្នា ។

លោកឯកអគ្គរដ្ឋទូតរូបនេះ បានបន្តថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឆ្លងកាត់រយៈពេលយ៉ាងយូរអង្វែង ផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកកាន់តែរីកចម្រើន ចំណងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរក៏កាន់តែរឹងមាំ ។

លោក វ៉ាង វិនពិន ក៏បានគូសបញ្ជាក់ថា “ថ្នាក់ដឹកនាំរបស់ប្រទេសចិន បានបញ្ជាក់ថា សុខទុក្ខរបស់ប្រទេសកម្ពុជា គឺជាសុខទុក្ខរបស់ប្រទេសចិន” ។

ជាមួយគ្នានេះ លោក ក៏បានលើកឡើងផងដែរថា ក្រោមការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ចិន-កម្ពុជា បានកសាងខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ ដោយទទួលបានសមទ្ធិផលជាផ្លែផ្កា ញ៉ាំងឱ្យកិច្ចសហប្រត្តិបត្តិការនៃប្រទេសទាំងពីរ ឈានឆ្ពោះទៅមុខថែមមួយកម្រិតទៀត។

ជាមួយគ្នានេះ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការ​​បរ​​ទេស និង​​សហ​ប្រតិ​បត្តិការ​អន្តរជាតិ បានកត់សម្គាល់ថា ខួបលើកទី៦៦ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ មានអត្ថន័យជ្រាលជ្រៅ និងបានគូសបញ្ជាក់ថា ឆ្នាំ២០២៤ នេះគឺជាឆ្នាំដ៏មានសារៈសំខាន់មួយ ព្រោះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានកំណត់ថា២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ។

ក្រសួងនិងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបាននិងកំពុងសហការយ៉ាងជិតស្និទជាមួយគ្នា ក្នុងការរៀបចំសកម្មភាពការងារយ៉ាងផុសផុល ដើម្បីអនុវត្តឆ្នាំនៃការផ្លាស់ប្តូរនេះ ឱ្យទទួលបានជោគជ័យត្រចះត្រចង់ ។

លោករដ្ឋមន្ត្រី បានបន្ថែមថា “យើងជឿជាក់ថា ជោគជ័យនៃការអនុវត្ត ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននេះ នឹងមិនត្រឹមតែរួមចំណែក ដល់ការជំរុញដល់កិច្ចសហប្រតិបត្តិការទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹង កិច្ចសហប្រតិបត្តិការលើវិស័យ វប្បធម៌ អប់រំ ស្រាវជ្រាវ ព្រមទាំងការតភ្ជាប់រវាងប្រជាជន
និងប្រជាជនក្នុងវិស័យផ្សេងៗទៀត ឱ្យកាន់តែជិទស្និទបន្ថែមទៀត៕

To Top