ព័ត៌មានអន្តរជាតិ

កងកម្លាំងយោធារុស្ស៊ី កំពុងកាន់កាប់បន្ថែមទៀតទឹកដីមួយចំនួន របស់អ៊ុយក្រែន និងក្នុងតំបន់​ Donbass

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា កងកម្លាំងរុស្ស៊ីបានរំដោះទីក្រុង Rozovka ក្នុងសាធារណរដ្ឋប្រជាមានិត Lugansk និងវាយយកបាន Pestchanoye Nizhneye ក្នុងតំបន់ Kharkov របស់ប្រទេសអ៊ុយក្រែនទៀតផង។

ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ យោធាអ៊ុយក្រែនបានរងគ្រោះជាង ១៥០០នាក់ នៅក្នុងចំណុចក្តៅផ្សេងៗនៅតាមជួរមុខ ដោយបានបាត់បង់កាំភ្លើងធំជាច្រើន រួមទាំងកាំភ្លើងយន្ត М777 ដែលផលិតដោយសហរដ្ឋអាមេរិកផងដែរ។

បន្ថែមពីលើនោះ ឃ្លាំងរំសេវរបស់អ៊ុយក្រែនចំនួន៧កន្លែង ត្រូវបានវាយប្រហារនៅតំបន់ផ្សេងៗគ្នា នេះបើយោងតាមសេចក្តីប្រកាស របស់ក្រសួងការពារជាតិរុស្សីដដែល។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងទ័ពរបស់ខ្លួនបានធ្វើឱ្យប្រសើរឡើង នូវទីតាំងរបស់ពួកគេនៅក្នុងតំបន់មួយចំនួន នៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk បន្ថែមទៀត។

យោងតាមសេចក្តីថ្លែងការណ៍ កាំភ្លើងធំបាញ់ដោយខ្លួនឯង ជាច្រើនរបស់អ៊ុយក្រែន ទាំងលោកខាងលិច និងផលិតដោយសូវៀត ត្រូវបានវាយប្រហារ។ យោធារុស្ស៊ីរាយការណ៍ថា ការខាតបង់របស់អ៊ុយក្រែនរួមមានរ៉ាដា ផលិតដោយសហរដ្ឋអាមេរិក និងប្រព័ន្ធសង្គ្រាមវិទ្យុដែលផលិត ដោយសូវៀតជាដើមផង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top