ព័ត៌មានជាតិ

សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណន ត្រូវជីកបត់បែនច្រើន ដើម្បីបញ្ចៀសផលប៉ះពាល់បរិស្ថាន

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានពន្យល់ថា មូលហេតុនៃគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវជីកបត់បែនច្រើន មិនជីកត្រង់ដូចបន្ទាត់នោះ ដើម្បីបញ្ចៀសផលប៉ះពាល់ផ្នែកបរិស្ថាន ពិសេសមិនប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ ក្រុង ស្រុក ខណ្ឌ។

ការលើកឡើងរបស់សម្ដេចធិបតី ក្រោយមានអ្នកវិភាគមួយចំនួននៅក្រៅប្រទេស បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងពុករលួយ ខណៈ ព្រែកជីកនេះធ្វើបត់បែនច្រើន សណ្ឋានដើម្បីកិបកេងថវិកា ព្រោះជាធម្មតាគេត្រូវធ្វើត្រង់បន្ទាត់។

នាឱកាសឱកាសអញ្ជើញប្រគល់ សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាថ្ងៃទី៦ សីហា សម្ដេចនាយករដ្ឋមន្ដ្រី បានឆ្លើយតបវិញថា ក្នុងករណីកសាងព្រែកជីកហ្វូណនតេជោ ត្រង់ដូចបន្ទាត់មែននោះ ក៏មិនប្រាកដថា «ចំណេញថវិកាឡើយ» ទោះបីជាមានប្រវែងខ្លីពិតមែន ប៉ុន្ដែប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ប៉ះពាល់បុរី។

សម្ដេចមានប្រសាសន៍ថា «អត់ដែលបានចុះសិក្សាថា មូលហេតុអីបានជាយើងធ្វើបត់បែន ដោយសារការទទួលខុសត្រូវ ។​ ទីមួយ រឿងបរិស្ថាន និងទីពីរ កុំឲ្យប៉ះពាល់ប្រជាពលរដ្ឋ គឺយើងដើរតាមលំនាំតាមព្រែកជីកធម្មជាតិទាំងអស់ យើងជីកថ្មីតែ៧គីឡូ ក្នុង១៨០គីឡូ។ បើសិនជាយើងធ្វើត្រង់ ប៉ះបុរី ប៉ះផ្ទះ ប៉ះក្រុងច្រើនណាស់ ឲ្យយើងដោះស្រាយយ៉ាងម៉េច?។ យើងសុខចិត្ត១៨០គីឡូនេះ ដើរតាមព្រែកធម្មជាតិទាំងអស់ ដែលមានពីដូនតា»។

សូមរំលឹកថា គម្រោង «ព្រែកជីកហ្វូណនតេជោ» គឺជាផ្ដួចផ្ដើមឡើងដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រ ដែលតភ្ជាប់ផ្លូវទឹករវាងទន្លេមេគង្គ ទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ។ ក្រោយស្ថាបនារួចរាល់ «ព្រែកជីកហ្វូណនតេជោ» នឹងដើរតួនាទីយ៉ាងសំខាន់រួមចំណែក ជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈពហុមុខងារដ៏មានសក្តានុពល និងសម្បូរបែបនៃព្រែកជីកនេះ៕

To Top