ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាង លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យមើលការងារ សំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ ជាមួយបងប្អូនកម្មករនិយោជិត និងតំណាងនិយោជករោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

កម្មវិធីចុះសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ ជាមួយបងប្អូនកម្មករនិយោជិតនេះ មានរោងចក្រ MAKALOT GARMENTS (CAMBODIA) CO., LTD. ដឹកនាំដោយ លោក ងុយ រិទ្ធ រដ្ឋលេខាធិការ, រោងចក្រ W & D (CAMBODIA) CO., LTD. ដឹកនាំដោយលោក ទេព ណាវី រដ្ឋលេខាធិការ, រោងចក្រ 8 STAR SPORTSWEAR LTD. ដឹកនាំដោយ លោក វឹត សុវណ្ណឧត្តម អនុរដ្ឋលេខាធិការ។

នៅក្នុងឱកាសជួបពិភាក្សា ជាមួយតំណាងនិយោជករោងចក្រ និងបានពិនិត្យមើលស្ថានភាពការងារ របស់បងប្អូនកម្មករនិយោជិតជាង ១ ១០០នាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ MAKALOT GARMENTS (CAMBODIA) CO., LTD. ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញលោក ងុយ រិទ្ធ បានវាយតម្លៃថា ទំនាក់ទំនងវិជ្ជាជីវៈ រវាងនិយោជកនិងកម្មករនិយោជិត មានភាពល្អប្រសើរ រីលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ដែលខាងនិយោជករោងចក្រផ្តល់ជូនបងប្អូនកម្មករ និយោជិតបានត្រឹមត្រូវតាមច្បាប់ការងារ។

លោក កត់សំគាល់ឃើញថា ស្ថានភាពនៃការបំពេញការងារ របស់ងប្អូនកម្មករនិយោជិតមានភាពសកម្ម ប៉ុន្តែអ្វីដែលខាងរោងចក្រ កំពុងត្រូវការបន្ថែមគឺកម្លាំងពលកម្ម របស់កម្មករនិយោជិត ខណៈដែលចំនួន នៃការបញ្ជាទិញសម្លៀកបំពាក់មានការកើនឡើង។

ដោយឡែក ក្នុងការចុះជួបពិភាក្សាការងារ ជាមួយតំណាងនិយោជក និងសាកសួរសុខទុក្ខផ្ទាល់ ជាមួយបងប្អូនកម្មករនិយោជិតប្រមាណ ១ ០០០នាក់ នៅរោងចក្រ នៅរោងចក្រ W & D (CAMBODIA) CO., LTD. ដែលមានទីតាំងស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោក ទេព ណាវី បានពិនិត្យដោយផ្ទាល់ ពីដំណើរការផលិតកម្ម ក្នុងរោងចក្រ និងបានទទួលទានអាហាថ្ងៃត្រង់ ជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងបរិយាកាស ដ៏មានភាពស្និទ្ធស្នាល ។

លោក បានពិនិត្យឃើញថា ម្ចាស់រោងចក្របានអនុវត្តលក្ឌខណ្ឌការងារ រួមនិងផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិត បានត្រឹមត្រូវ និងលើសពីច្បាប់ការងារបានកំណត់ទៀតផង។ ក្នុងនោះ រោងចក្រផ្តល់ជូនកម្មករនិយោជិត ដូចជា ប្រាក់ខែគោលអប្បបរមាតាមច្បាប់ប្រកាស ២០៤ដុល្លារ, ប្រាក់ថែមម៉ោង, ប្រាក់រង្វាន់ធ្វើការទៀងទាត់, ប្រាក់រង្វាន់អតីតភាពការងារ, និងសោហ៊ុយធ្វើដំណើរ, ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ជាដើម ។
លោក ថ្លែងអំណរគុណ ទៅដល់ម្ចាស់រោងចក្រ ដែលបានគោរពតាមច្បាប់ការងារយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តនូវស្តង់ដាការងារបានយ៉ាងល្អ ថែមទាំងបានផ្តល់ អត្ថប្រយោជន៍ជាច្រើនទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល បានកំណត់ក្នុងការផ្តល់អត្ថប្រយោជន៍ ដល់បងប្អូនកម្មករនិយោជិតផងដែរ។

ទន្ទឹមនេះ នៅក្នុងឱកាសជួបពិភាក្សាការងារ ជាមួយតំណាងនិយោជក និងជួបសាកសួរសុខទុក្ខបងប្អូនកម្មករ និយោជិតជាង ១ ០០០នាក់ ដែលកំពុងបំពេញការងារនៅរោងចក្រ 8 STAR SPORTSWEAR LTD. ដែលមានទីតាំងស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោក វឹត សុវណ្ណឧត្តម បានដើរពិនិត្យមើលស្ថានភាពការងារ នៅតាមផ្នែកនីមួយៗក្នុងរោងចក្រ និងបានទទួលទានអាហារ ជាមួយបងប្អូនកម្មករនិយោជិត ដើម្បីឆ្លៀតពេលសាកសួរសុខទុក្ខ រួមនិងអត្ថប្រយោជន៍ផ្សេងៗ ដែលកម្មករនិយោជិតទទួលបានផងដែរ ។

លោកគូសបញ្ជាក់ថា ការចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិត ដោយផ្ទាល់ នៅតាមរោងចក្រនេះ គឺជាការគិតគូរយកចិត្តទុកដាក់ ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅលើបងប្អូន កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស ធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និតរវាងរដ្ឋាភិបាល ជាមួយបណ្តាម្ចាស់រោងចក្រ សហគ្រាស ជាពិសេសនោះគឺសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត ដែលរដ្ឋាភិបាលតែងតែគិតគូរជានិច្ច៕


