ព័ត៌មានអន្តរជាតិ

យន្តហោះ​មួយគ្រឿង ធ្លាក់នៅប្រេស៊ីល​ បណ្តាលឱ្យស្លាប់អ្នកដំណើរទាំងអស់ នៅ​លើ​យន្តហោះនោះ

បរទេស៖ យន្តហោះ​ដឹកអ្នកដំណើរមួយ​គ្រឿង​ បាន​ធ្លាក់​ក្នុង​រដ្ឋ​សៅប៉ូឡូ​ ប្រទេស​ប្រេស៊ីល​ ដោយ​សម្លាប់​មនុស្ស​ទាំង​៦១​នាក់ ​នៅ​លើ​យន្តហោះនោះ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Voepass បាននិយាយថា យន្តហោះបានហោះហើរពី Cascavel នៅភាគខាងត្បូងរដ្ឋ Paraná ទៅកាន់អាកាសយានដ្ឋាន Guarulhos ក្នុងទីក្រុង សៅ ប៉ូឡូ នៅពេលវាធ្លាក់នៅទីក្រុង Vinhedo ។

យន្តហោះ ATR 72-500 ដឹកអ្នកដំណើរ ៥៧ នាក់ និងនាវិក ៤ នាក់។ អាជ្ញាធរ​មូលដ្ឋាន​និយាយ​ថា​ មិន​មាន​អ្នក​នៅ​រស់រាន​មាន​ជីវិត​ឡើយ​។

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បានបង្ហាញនូវសាមគ្គីភាពជាមួយក្រុមគ្រួសារ និងមិត្តភក្តិជនរងគ្រោះ។ អភិបាលរដ្ឋ សៅ ប៉ូឡី លោក Tarcísio Gomes de Freitas បានប្រកាសកាន់ទុក្ខបីថ្ងៃ។

អាជ្ញាធរ​បាន​និយាយ​ថា ឧបករណ៍​ថត​សំឡេង​ហោះហើរ​ ត្រូវ​បាន​យក​មក​វិញ​ហើយ។ ក្រុមហ៊ុន ATR ដែលជាក្រុមហ៊ុនផលិតយន្តហោះបារាំង-អ៊ីតាលី បាននិយាយថា ខ្លួននឹងសហការជាមួយនឹងការស៊ើបអង្កេតនេះ។

យន្តហោះ​បាន​ធ្លាក់ នៅ​ក្នុង​តំបន់​លំនៅឋាន​មួយ ប៉ុន្តែ​គ្មាន​អ្នក​ណា​ម្នាក់​នៅ​លើ​ដី​រង​របួស​ឡើយ។ មន្ត្រី​បាន​និយាយ​ថា ផ្ទះ​មួយ​ខ្នង​ក្នុង​អគារ​ខុន​ដូ ​ក្នុងស្រុក​មួយ​ប៉ុណ្ណោះ​ត្រូវ​បាន​ខូចខាត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top