ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យ៤នាក់ ទៅសាលាដំបូងករណីគ្រឿងញៀន និងប្រើប្រាស់អាវុធ

បន្ទាយមានជ័យ ÷ នៅវេលាម៉ោង២១និង៤០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដោយឃាត់ខ្លួនចំនួន៤នាក់ ។

លោកវរសេនីយ៍ត្រី សុខ ឡេង បានអោយដឹងថា ជនសង្ស័យទាំង០៤នាក់ រួមមាន ១-ឈ្មោះ តុប គឹមអុល ហៅ អ៊ឹង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ (ជួញដូរ និងប្រើប្រាស់, កាន់កាប់អាវុធ) ២-ឈ្មោះ ឈឹម វាសនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក (ប្រើប្រាស់ និងកាន់កាប់អាវុធ) ។ ជនសង្ស័យទាំង២នាក់ រស់នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ, ៣-ឈ្មោះ មុន រ៉ាវិត ហៅ ពេជ្រ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ(ប្រើប្រាស់), ៤-ឈ្មោះ យឹម ប៊ុនសុភាព ហៅ ទូក ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (រក្សាទុក និងប្រើប្រាស់) ព្រមទាំងចាប់យកវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន០៥ថង់កិប ទម្ងន់ ១៤,៦៥ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ០១គ្រាប់ ទម្ងន់ ០,០៩ក្រាម, ម៉ូតូ ចំនួន ០៣គ្រឿង, កាំបិតកែច្នៃ (ដាវ) ចំនួន ០៣ដើម, ទូរស័ព្ទ ចំនួន ០៣គ្រឿង និងថង់សម្រាប់វេចខ្ចប់ និងសម្ភារៈសម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។ បន្ទាប់មកកម្លាំងបានធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើ ហើយនាំមកកាន់មូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតពិប្រាកដមែន។

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួល នីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

To Top