អាតែន៖ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្សែងយ៉ាងក្រាស់បានគ្របដណ្តប់ ផ្នែកដ៏ធំនៃទីក្រុងអាតែនកាលពីថ្ងៃអាទិត្យ ខណៈភ្លើងឆេះព្រៃដ៏ធំចំនួន២ បានឆាបឆេះឡើងនៅជិត រដ្ឋធានីរបស់ប្រទេសក្រិច ដោយបង្ខំឱ្យមានការជម្លៀស សហគមន៍ចំនួន២ចេញ ។ ប៉ុន្តែមិនទាន់មានអ្នករងរបួសណាម្នាក់ ត្រូវបានរាយការណ៍ឲ្យដឹងនៅឡើយទេ ។
នៅទីក្រុង Varnavas ដែលមានទីតាំងនៅភាគឦសាននៃតំបន់ Attica នៅជិត Marathon ដែលជាទីកន្លែងកំណើត នៃការប្រណាំងកីឡាម៉ារ៉ាតុង អ្នកពន្លត់អគ្គីភ័យចំនួន១៦៥នាក់ បាននឹងកំពុងទប់ទល់នឹង អណ្តាតភ្លើងដែលបានឆាបឆេះ ។ ពួកគេបានបញ្ជូនយន្តហោះទម្លាក់ទឹកចំនួន១២ និងឧទ្ធម្ភាគចក្រ ដើម្បីជួយពន្លត់ភ្លើង ។
នៅក្នុងទីក្រុង Neo Mazi ក្បែរទីប្រជុំជន Megara ស្ថិតនៅភាគខាងលិច Attica អ្នកពន្លត់អគ្គីភ័យចំនួន៤៨នាក់ រួមជាមួយនឹងយន្តហោះទម្លាក់ទឹកចំនួន៤ និងឧទ្ធម្ភាគចក្រ ត្រូវបានដាក់ពង្រាយដើម្បីពន្លត់ភ្លើងនោះ ។
ខ្យល់បានបក់បោកយ៉ាងខ្លាំង រហូតទៅដល់កម្រិត៧ នៅលើមាត្រដ្ឋាន Beaufort ដែលបាននឹងកំពុងធ្វើឱ្យមានភាពស្មុគស្មាញ ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីពន្លត់ភ្លើងទាំងនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា