ព័ត៌មានអន្តរជាតិ

Update៖ កិច្ចចចារស្តីពីបទឈប់បាញ់គ្នា រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអ៊ែល នឹងចាប់ផ្តើមដំណើរការឡើងវិញនៅថ្ងៃពុធ

AFP

គែរ៖ ប្រភពអេហ្ស៊ីប បានប្រាប់ដល់ទីភ្នាក់ងារ Xinhua កាលពីថ្ងៃសៅរ៍ថា ការចរចាគ្នាស្តីពីបទឈប់បាញ់រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សា នឹងបន្តចាប់ផ្តើមឡើង នៅថ្ងៃពុធ នៅក្នុងទីក្រុងគែរ ។

យោងតាមប្រភពដែលទាមទារ មិនបញ្ចេញឈ្មោះបានឲ្យដឹងថា គណៈប្រតិភូនៃអ្នកសម្រុះសម្រួលទាំង៣ រួមមាន អេហ្ស៊ីប ប្រទេសកាតា និងសហរដ្ឋអាមេរិក និង      គណៈប្រតិភូរបស់អ៊ីស្រាអ៊ែល នឹងចូលរួមកិច្ចពិភាក្សាដែលគ្រោងធ្វើនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ។

ទន្ទឹមនឹងនេះដែរ អ្នកតំណាងមក ពីប្រទេសអេហ្ស៊ីប សហរដ្ឋអាមេរិក និងអ៊ីស្រាអ៊ែល បច្ចុប្បន្នកំពុងស្ថិតនៅក្នុងទីក្រុងដូហា ដែលជាម្ចាស់ផ្ទះនៃកិច្ចចរចាបទឈប់បាញ់កាលពីដើមសប្តាហ៍នេះ ដើម្បីពិភាក្សាអំពី “ចំណុចបច្ចេកទេស” នៃកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងការរៀបចំសម្រាប់កិច្ចចរចានៅទីក្រុងគែរ ។

នៅទីក្រុងដូហា មន្ត្រីមកពីប្រទេសទាំងបួន បានចូលរួមកិច្ចពិភាក្សាយ៉ាងស៊ីជម្រៅ ក្នុងគោលបំណងបញ្ចប់កិច្ចព្រមព្រៀង មួយសម្រាប់បទឈប់បាញ់ នៅតំបន់ហ្គាហ្សា រួមទាំងការដោះលែង ចំណាប់ខ្មាំងអ៊ីស្រាអ៊ែល និងអ្នកឃុំឃាំងប៉ាឡេស្ទីន ផងដែរ ។

អ្នកសម្រុះសម្រួលទាំង ៣បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសុក្រថា “សំណើស្ពាន” ត្រូវបានបង្ហាញដល់ ក្រុមហាម៉ាស់ និងអ៊ីស្រាអ៊ែល ដែលស្របតាមគោលការណ៍ នៃដំណោះស្រាយក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ (UN) លេខ 2735 ដែលអំពាវនាវឱ្យមាន “ជាបន្ទាន់ ទូលំទូលាយ និងហ្មត់ចត់” លើបទឈប់បាញ់នៅតំបន់ហ្គាហ្សា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top