ព័ត៌មានអន្តរជាតិ

ហូឡង់ បញ្ជាក់ថា ខ្លួនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ទៅលើការឆ្លងរាលដាល មេរោគបង្កជំងឺអុតស្វាបំប្លែងថ្មី

APA

ឡាអេ៖ អាជ្ញាធរសុខភាពសាធារណៈហូឡង់ ហៅកាត់ RIVM បានឲ្យដឹងកាលពីថ្ងៃចន្ទថា អ្នកផ្តល់សេវាថែទាំសុខភាព កំពុងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងមេរោគដែលអាចកើត មាននូវវីរុសបំប្លែងថ្មីនៃមេរោគជំងឺអុតស្វា ហៅកាត់ mpox ។

អាជ្ញាធរ RIVM បានបញ្ជាក់ថា “ប្រសិនបើករណីត្រូវបានរកឃើញមែននោះ សេវាសុខភាពក្រុងនឹងធ្វើការតាមដានប្រភព និងទំនាក់ទំនង និងផ្តល់ការណែនាំដើម្បីការពារការឆ្លងបន្ថែមទៀត” ។ “ការចាក់វ៉ាក់សាំង គឺអាចរកបានសម្រាប់អ្នក ដែលមានការទំនាក់ទំនងជិតស្និទ្ធ នឹងអ្នកមានជំងឺនេះ ។ ហូឡង់ មានវ៉ាក់សាំងគ្រប់គ្រាន់នៅក្នុងស្តុក” ។

លោក Chantal Reusken អ្នកជំនាញខាងមេរោគមកពី RIVM បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា វាប្រហែលជាកើតឡើងពេលវេលាមួយប៉ុណ្ណោះ នៅមុនពេលមេរោគបង្កជំងឺ mpox ថ្មីលេចឡើងនៅក្នុងប្រទេសហូឡង់ ។ លោក Reusken បានលើកឡើងថា ប៉ុន្តែហានិភ័យមានកម្រិតទាប ហើយជំងឺនេះអាចគ្រប់គ្រងបានដោយសារតែ ប្រព័ន្ធថែទាំសុខភាពដ៏រឹងមាំរបស់ប្រទេសយើង ។

គួរបញ្ជាក់ថា ជំងឺ Mpox ដែលបង្កឡើងដោយមេរោគឈ្មោះ orthopox គឺរីករាលដាលនៅអាហ្វ្រិកខាងលិច និងកណ្តាល ។ ទោះយ៉ាងណាក៏ដោយនៅនិទាឃ រដូវឆ្នាំ២០២២ ករណីឆ្លងបានចាប់ផ្តើមលេចឡើង នៅតំបន់អឺរ៉ុបដោយគ្មានទំនាក់ទំនង ផ្ទាល់ទៅកាន់តំបន់ទាំងនោះឡើយ ។ បន្ទាប់ពីមានកម្រិតខ្ពស់បំផុតក្នុងរដូវក្តៅឆ្នាំ២០២២ ចំនួនករណីឆ្លងជំងឺបានធ្លាក់ចុះមកវិញ ក្នុងកម្រិតដ៏ច្រើននៅរដូវស្លឹកឈើជ្រុះ។ មានករណីសរុបចំនួន១.៣១៦ ដែលបានបញ្ជាក់គិតមកទល់នឹង បច្ចុប្បន្ននេះនៅក្នុងប្រទេសហូឡង់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top