បរទេស ៖ លោក Sergey Lavrov អ្នកការទូតកំពូលរបស់ទីក្រុងមូស្គូបាននិយាយថា ប្រទេសលោកខាងលិចតែងតែចង់រុះរើប្រទេសរុស្ស៊ី ហើយបានឈានទៅដល់ការរួមកម្លាំង ជាមួយពួកណាស៊ីក្នុងប្រទេសអ៊ុយក្រែន ក្នុងការប៉ុនប៉ង ដើម្បីសម្រេចបាន នូវគោលដៅនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានធ្វើសេចក្តីថ្លែងការណ៍នេះ ក្នុងជំនួបជាមួយនិស្សិត និងអ្នកអប់រំនៅវិទ្យាស្ថានទំនាក់ ទំនងអន្តរជាតិរដ្ឋមូស្គូ កាលពីថ្ងៃចន្ទ ដែលជាថ្ងៃដំបូងនៃឆ្នាំសិក្សាថ្មីក្នុងប្រទេសរុស្ស៊ី។
លោក Lavrov បាននិយាយថា ប្រទេសលោកខាងលិចតែងតែមានការព្រួយបារម្ភថា រុស្ស៊ី “ខ្លាំងពេក ឯករាជ្យពេក” ហើយចង់ធ្វើអ្វីមួយអំពីរុស្ស៊ី “និងបំបែករុស្ស៊ី” ។
លោកបានបន្តទៀតថា “រឿងដែលចង្អុលបង្ហាញ យ៉ាងខ្លាំងកំពុងកើតឡើងម្តងទៀតដោយសារតែសព្វថ្ងៃនេះ ប្រទេសចំនួន ៥០ បានប្រមូលផ្តុំគ្នា ប្រឆាំងនឹងប្រទេសរុស្ស៊ី នៅក្រោមបដារបស់ពួកណាស៊ីដោយពិចារណាលើខ្លឹមសារនៃ [មេដឹកនាំអ៊ុយក្រែន] របបលោក Zelensky” ដោយគាត់បាននិយាយបន្តដោយសំដៅទៅលើជំនួយយោធា ដែលផ្តល់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនទៅដល់ទីក្រុងគៀវ ចំពេលមានជម្លោះជាមួយរុស្ស៊ី ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានកត់សម្គាល់ទៀតថា ទាហានអ៊ុយក្រែន មានច្រើនដងត្រូវបានថត ដោយពាក់បំណះរបស់ណាស៊ី ឬកាន់បដាដែលស្រដៀង នឹងទាហានរបស់ អាដុល ហ៊ីត្លែរ ដែលប្រើក្នុងអំឡុងសង្គ្រាមលោកលើកទី២ ៕