ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើកាហ្សាក់ស្ថាន គាំទ្របេក្ខភាពកម្ពុជា ក្លាយជាប្រទេសសង្កេតការណ៍ផ្លូវការណ៍ របស់កិច្ចសហប្រតិបត្តិការសៀងហៃ (SCO)

SHS MEDIA

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានស្នើប្រទេសកាហ្សាក់ស្ថាន ឱ្យគាំទ្របេក្ខភាពកម្ពុជា ក្លាយជាប្រទេសសង្កេតការណ៍ផ្លូវការណ៍របស់ កិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ។

ក្នុងឱកាសអនុញ្ញាតឱ្យ លោក ណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបន្តគាំទ្រគ្នាទៅវិញទៅមកនេះ មិនគួរធ្វើតែក្នុងកម្រិតប្រទេសនិងប្រទេសនោះទេ សម្តេចតេជោ បានជម្រាបទៅលោកអគ្គរដ្ឋទូតថា គួរធ្វើក្នុងកម្រិតតំបន់និងតំបន់ផងដែរ ពោលគឺក្នុងកម្រិត អឺរ៉ាស៊ី និងអាស៊ាន។

នាឱកាសនោះ សម្ដេចតេជោ ក៏បាន អបអរសាទរដល់ប្រទេសកាហ្សាក់ស្ថាន ដែលបានសម្រេចនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់ រហ័សរហូតក្លាយជាប្រទេសមានចំណូលខ្ពស់។

សម្តេចតេជោ បានធ្វើការកត់សម្គាល់ថា កាហ្សាក់ស្ថាន បានដើរនាំមុខបណ្តាប្រទេសក្នុងតំបន់អាស៊ីកណ្តាល លើបញ្ហាជាច្រើន ទាំងទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង និងអង្គការអន្តរជាតិ, ទំនាក់ទំនងពាណិជ្ជកម្ម និងការធ្វើទំនើបកម្មសេដ្ឋកិច្ច។

សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចធ្លាប់អញ្ជើញទៅទស្សនកិច្ច នៅកាហ្សាក់ស្ថាន ក្នុងឆ្នាំ១៩៨២ តាំងពីប្រទេសនេះនៅក្នុងសហភាពសូវៀតនៅឡើយ ដែលបានសេចក្តីថាយើងមានទំនាក់ទំនងនឹងគ្នាលើសពី ៣០ឆ្នាំ។ ក្នុងដំណើរទស្សនកិច្ច សម្តេចនៅចាំបានថា ទឹកដីកាហ្សាក់ស្ថានត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលថាមពលនុយក្លេអ៊ែ នាសម័យនោះ។

សម្តេចតេជោ បានកោតសរសើរប្រទេសកាហ្សាក់ស្ថាន ដែលជាប្រទេសមានភ័ពសំណាងសម្បូរទៅដោយធនធានធម្មជាតិដូចជាប្រេង និងរ៉ែធម្មជាតិផ្សេងៗ ព្រមទាំងមានសក្តានុពលវិស័យកសិកម្មថែមទៀត។

សម្តេចតេជោ ក៏បានអបអរសាទរ កាហ្សាក់ស្ថាន ដែលទទួលបានជោគជ័យក្នុងការផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ សម្តេច ជឿថាជំងឺកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីមនុស្សនោះទេ ដោយសារការបំប្លែងខ្លួនរបស់វាជាបន្តបន្ទាប់។ ដូច្នេះកម្ពុជា នឹងនឹកឃើញប្រទេសកាហ្សាក់ស្ថាន ដែលជាប្រទេសដៃគូនៅពេលត្រូវការវ៉ាក់សាំងការពារជំងឺកូវីដ-១៩។

សម្តេចតេជោ ក៏បានបង្ហាញការសោកស្តាយ ដែលពុំបានចូលរួមសន្និសីទ CICA ក្នុងឆ្នាំ២០២២ ដោយពេលនោះសម្តេចតេជោ ជាប់កាតព្វកិច្ចជាប្រធានអាស៊ាន។ សម្តេចតេជោ បានគូសបញ្ជាក់អំពីការបន្ត គាំទ្រកាហ្សាក់ស្ថាន នៅក្នុងវេទិកាអន្តរជាតិ ដែលមានទំនាក់ទំនងការទូត និងមិត្តភាពជាមួយកម្ពុជា។

ឆ្លើយតបទៅនឹង សំណើរអញ្ជើញ បំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន និងចូលរួមសន្និសីទអន្តរជាតិ ដែលកាហ្សាក់ស្ថានធ្វើជាម្ចាស់ផ្ទះ ដើម្បី សម្តេចតេជោ អាចចែករំលែកបទពិសោធ ទស្សនៈដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិត ទៅដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសដទៃទៀត ជាពិសេសគឺបណ្តាប្រទេសនៅអាស៊ីកណ្តាល សម្តេចតេជោ ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា សម្តេចរីករាយនឹងទទួលយកការអញ្ជើញ ទៅធ្វើបាឋកថា ឬសុន្ទរកថា ក្នុងវេទិកាអន្តរជាតិ ដើម្បីចែករំលែកបទពិសោធន៍ និងទស្សនៈនយោបាយ ក្នុងឋានៈធ្លាប់ជានាយករដ្ឋមន្រ្តី ដែលក្មេងជាងគេ និងជានាយករដ្ឋមន្រ្តី ដែលកាន់តំណែងយូរជាងគេក្នុងពិភពលោក៕

To Top