ព័ត៌មានជាតិ

ពលករ និងបងប្អូនខ្មែរនៅកូរ៉េ បន្តចូលរួមមូលនិធិអភិវឌ្ឍន៍ព្រំដែន ជាមួយរាជរដ្ឋាភិបាលយ៉ាងគគ្រឹកគគ្រេង

ភ្នំពេញ៖ ពលករ និងបងប្អូនសហគមន៍ខ្មែរកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ រីករាយបរិច្ចាគថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» យ៉ាងគគ្រឹកគគ្រេងបន្ថែមទៀត នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្រោះទឹកចិត្តស្រលាញ់ជាតិមាតុភូមិ និងចង់ជួយរួមចំណែកអភិវឌ្ឍន៍តំបន់ព្រំដែន។

ពលករ និងបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េបានលើកឡើងថា ការបាញ់លុយចូលមូលនិធិកសាងហេដ្ឋារចនាសម្ព័ន សំខាន់ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់ព្រំដែន ឱ្យបានកាន់តែរីកចម្រើនថែមទៀត ព្រោះ មានតែការការភិវឌ្ឍតំបន់ព្រំដែនឱ្យទៅជាទីកន្លែងអ៊ូអរ ជាទីប្រជុំជនមានមនុស្សច្រើនប៉ុណ្ណោះ ទើបធ្វើឱ្យព្រំដែនប្រទេសជាតិរឹងមាំគង់វង្សជារៀងរហូតទៅ។

លោក ប៉ា ស៊ីន ពលករនៅប្រទេសកូរ៉េ បញ្ជាក់ថា៖ «ក្នុងនាមជាពលរដ្ឋខ្មែរ ខ្ញុំបាទសូមគាំទ្រ និងស្ម័គ្រចិត្តចូលរួមថវិកាផ្ទាល់ខ្លួនចំនួន១៥ដុល្លារ រួមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ។

ស្រដៀងគ្នានេះ លោក ម៉េង ណារ៉ូ បានលើកឡើងថា៖ «ខ្ញុំបាទរូមទាំងគ្រួសារ មានថវិកាស្តួចស្តើង សូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ។

ចំណែកលោក ផល សុភ័ណ្ឌ ពលករនៅកូរ៉េម្នាក់ទៀតបានបញ្ជាក់ថា៖«ខ្ញុំសូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន»។
សូមបញ្ជាក់ថា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» កាលពីថ្ងៃទី២២ ខែសីហា ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

ជាមួយគ្នានោះ សម្តេចក៏បានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕

To Top