ព័ត៌មានអន្តរជាតិ

ជប៉ុន និងកូរ៉េខាងត្បូង យល់ព្រមលើការជំរុញទំនាក់ទំនង នៅពេលដែលអាណត្តិរបស់លោក គីស៊ីដា ជិតដល់ទីបញ្ចប់

Kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានអះអាងពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការជំរុញទំនាក់ទំនងទ្វេភាគី សូម្បីតែបន្ទាប់ពីមេដឹកនាំជប៉ុនរូបនេះ ចុះចេញពីតំណែងក៏ដោយ។

លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងសេអ៊ូល បន្ទាប់ពីកិច្ចប្រជុំកំពូលចុងក្រោយរបស់គាត់ជាមួយលោក Yoon ថារដ្ឋាភិបាលទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈមួយដើម្បីសហការក្នុងការជម្លៀសប្រជាជនរបស់ពួកគេក្នុងករណីមានវិបត្តិនៅក្នុងប្រទេសទីបី។

លោក គីស៊ីដា ដែលអាណត្តិជាប្រធានគណបក្សសេរីនិយម ដែលកំពុងកាន់អំណាច នឹងបញ្ចប់បន្ទាប់ពីការបោះឆ្នោតជ្រើសរើសមេដឹកនាំនៅចុងខែនេះ បានឲ្យដឹងថា ពួកគេក៏បានយល់ព្រមចាប់ផ្តើមការពិភាក្សាអំពីវិធានការជាក់លាក់ ដើម្បីសម្រួលនីតិវិធីអន្តោប្រវេសន៍ សម្រាប់អ្នកទេសចររវាងប្រទេសទាំងពីរ ហើយប្រធាន​គណបក្ស​ថ្មី​គឺ​ប្រាកដ​ជា​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់​របស់​ជប៉ុន។

លោកបានលើកឡើងថា មេដឹកនាំបានអះអាងថា ប្រទេសជប៉ុន និងកូរ៉េខាងត្បូងនឹង “ពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព” ខណៈពេលដែលក្រឡេកមើលទៅលើវឌ្ឍនភាពដែលពួកគេបានធ្វើក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ដែលត្រូវបានជូរចត់ដោយជម្លោះលើប្រវត្តិសាស្ត្រ និងទឹកដី។

កិច្ចប្រជុំកំពូលនេះ ត្រូវបានប្រារព្ធឡើង ខណៈដែលប្រទេសជិតខាងទាំងពីរ ស្វែងរកការពង្រឹងទំនាក់ទំនងរបស់ពួកគេ នៅមុនខួបលើកទី៦០ នៅឆ្នាំក្រោយ នៃការធ្វើឱ្យមានទំនាក់ទំនងធម្មតាឡើងវិញ។  ពួកគេក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងត្រីភាគីជាមួយសហរដ្ឋអាមេរិក ក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ រួមទាំងការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top