ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន អាពាហ៍ពិពាហ៍អនឡាញក្លែងក្លាយ លើប្រព័ន្ធអ៊ីនធឺណិត ( Online Grooming ) ដើម្បីកេងចំណេញបោកប្រាស់ហិរញ្ញវត្ថុពីជនរងគ្រោះ និងអាចឈានដល់ការចាប់ជម្រិតមនុស្សឃាតជាដើម។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានឱ្យដឹងថា អាពាហ៍ពិពាហ៍អនឡាញ ឬ Online Grooming គឺជាអំពើឆបោកបញ្ឆោតមនោសញ្ចេតនាស្នេហា លួងលោមជនរងគ្រោះនៅលើបណ្តាញអ៊ីនធឺណិត ដែលច្រើនកើតមានឡើងលើកុមារ ក្មេងជំទង់ និងករណីខ្លះ បានកើតឡើងចំពោះមនុស្សវ័យចំណាស់ផងដែរ ដើម្បីកេងចំណេញបោកប្រាស់ហិរញ្ញវត្ថុពីជនរងគ្រោះ និងអាចឈានដល់ការចាប់ជម្រិត មនុស្សឃាត ជួញដូរគ្រឿងញៀន ចាប់រំលោភ ថតរូបភាព វីដេអូអាសអាភាសជាដើម។
ក្រុមជនខិលខូចប្រើវិធីសាស្រ្តឆបោក Online Grooming នៅលើបណ្តាញសង្គមដូចជា Facebook Tiktok Telegram Instagram និងកម្មវិធីហ្គេមអនឡាញមួយចំនួនផងដែរ ។ ខាងក្រោមនេះ ជាដំណាក់កាលសំខាន់ៗ របស់ក្រុមជនខិលខូចរៀបគម្រោងឆបោកជនរងគ្រោះរួមមាន ៖
១.បង្កើតភាពទុកចិត្ត៖ ជនខិលខូចកសាងទំនាក់ទំនងជាមួយជនរងគ្រោះម្តងបន្តិចៗ រហូតក្លាយជាមិត្តភក្តិយល់ចិត្តគ្នាតាមរយៈអនឡាញ។
២. រក្សាការសម្ងាត់ និងឧបាយកល៖ ជនខិលខូចព្យាយាមគ្រប់គ្រងការទំនាក់ទំនងល្អជាមួយ ជនរងគ្រោះដោយទាញយកទំនុកចិត្ត និងភាពជឿជាក់ដោយរក្សាការសម្ងាត់ពីឪពុកម្តាយ ឬអាណាព្យាបាលរបស់ជនរងគ្រោះ។
៣. គោលដៅការកេងប្រវ័ញ្ច ៖ ជនខិលខូចរៀបចំគម្រោងកេងប្រវ័ញ្ចលើជនរងគ្រោះ ឬអនីតិជនបង្ខិតបង្ខំឱ្យផ្ញើរូបថត ឬវីដេអូតាមរយៈអនឡាញ ឬធ្វើការជួបដោយផ្ទាល់កេងប្រវ័ញ្ចផ្លូវភេទជាដើម។
៤. ការគំរាមកំហែង៖ គោលដៅចុងក្រោយរបស់ជនខិលខូចស្វែងរកចំនុចខ្សោយរបស់ជនរងគ្រោះ បន្ទាប់ពីបានលួងលោមយករូបភាពឬវីដេអូអាក្រាតក្នុងគោលបំណងគំរាមកំហែងយកប្រាក់ជាដើម។
ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានក្រើនរំលឹកដល់ឪពុកម្តាយបង្កើនការប្រុងប្រយ័ត្នចំពោះកូនលើការប្រើប្រាស់បណ្តាញសង្គម រួមមាន ៖ ១.ឈ្វេងយល់អំពីមនុស្សដែលកូនៗលោកអ្នកកំពុងទាក់ទង ,២.សង្កេតមើលអំពីសម្ភារដែលកូនៗ លោកអ្នកប្រើប្រាស់ជាប្រចាំថ្ងៃ ,៣.ជៀសវាងការចែករំលែកព័ត៌មានផ្ទាល់ខ្លួន រូបភាព វីដេអូជាមួយអ្នកដទៃតាមបណ្តាញសង្គមជាដើម។ ករណីកូនៗ លោកអ្នកធ្លាក់ចូលទំនាក់ទំនងស្នេហាក្លែងក្លាយលើបណ្តាញសង្គម ឬ Online Grooming សូមទាក់ទងមកកាន់សមត្ថកិច្ចជំនាញដើម្បីស្វែងដំណោះស្រាយ៕