ព័ត៌មានជាតិ

កម្មករនិយោជិតនៅខេត្តតាកែវ បន្តចូលរួមមូលនិធិជាមួយរាជរដ្ឋាភិបាល យ៉ាងគគ្រឹកគគ្រេងដើម្បីអភិវឌ្ឍន៍ព្រំដែន

ភ្នំពេញ៖ កម្មករនិយោជិតដែលកំពុងបម្រើការងារនៅរោងចក្រ សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តតាកែវនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ រីករាយបរិច្ចាគថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» យ៉ាងគគ្រឹកគគ្រេងបន្ថែមទៀត ព្រោះទឹកចិត្តស្រលាញ់ជាតិមាតុភូមិ និងចង់ជួយរួមចំណែកអភិវឌ្ឍតំបន់ព្រំដែន។

កម្មករនិយោជិតដែលកំពុងបម្រើការងារនៅរោងចក្រ សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តតាកែវសរុបចំនួន ២៩៤ មានកម្មករនិយោជិតសរុបចំនួន ៨៥,៣៧០នាក់ (ស្រី ៦០,៨៣៩នាក់) បានលើកឡើងថា ការបរិច្ចាគថវិកាចូលមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។

សកម្មភាពនេះ គឺជាការចូលរួមក្នុងការអភិវឌ្ឍតំបន់ព្រំដែនឱ្យបានកាន់តែរីកចម្រើនថែមទៀត ព្រោះមានតែការអភិវឌ្ឍតំបន់ព្រំដែនឱ្យទៅជាទីកន្លែងអ៊ូអរជាទីប្រជុំជនមានមនុស្សច្រើនប៉ុណ្ណោះ ទើបធ្វើឱ្យព្រំដែនប្រទេសជាតិរឹងមាំគង់វង្សជារៀងរហូតទៅ។

អ្នកស្រី ស្រុង ស្រីឡាត់ កម្មការិនីរោងចក្រជីងម៉ៅហ្គូជី (ខេមបូឌា)ហ្គាម៉ិននៅខេត្តតាកែវបាននិយាយថា ក្នុងនាមជាពលរដ្ឋខ្មែរ អ្នកស្រីបានគាំទ្រ និងស្ម័គ្រចិត្តចូលរួមថវិកាផ្ទាល់ខ្លួនរួមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំសូមគាំទ្រចំពោះគម្រោងអភិវឌ្ឍតាមតំបន់ព្រំដែន ហើយខ្ញុំបានចូលរួមបរិច្ចាគថវិកាខ្លះ ដើម្បីជាចំណែកតូចមួយក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលរបស់យើង។ បើទោះបីជាថវិកាតិចតួច ប៉ុន្ដែវាជាទឹកចិត្តដោយក្ដីគោរព ស្រលាញ់រាជរដ្ឋាភិបាល និងប្រទេសជាតិរបស់យើង»។ អ្នកស្រី សុទ្ធ សោភ័ណ្ឌ កម្មការិនីរោងចក្រ មេកូហ្វើនីឈ័រ ឯ.ក ខេត្តតាកែវបាននិយាយថា៖ «ខ្ញុំចង់ចូលរួមមូលនិធិហ្នឹង គឺខ្ញុំចង់ឱ្យមានការអភិវឌ្ឍព្រំដែន ហើយនិងឱ្យមានភ្ញៀវទេសចរទៅកម្សាន្តនៅព្រំដែនហ្នឹងឱ្យបានច្រើន មានការវិនិយោគដែលធ្វើឱ្យប្រជាជនមានការងារធ្វើ មានតែការអភិវឌ្ឍព្រំដែនទេ ដែលធ្វើឱ្យព្រំដែនយើងរឹងមាំ»។

គួររំឭកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
ជាមួយគ្នានោះ សម្តេចធិបតីក៏បានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕

To Top