ការ៉ាកាស៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ប្រទេសប្រេស៊ីល មិនអាចតំណាងឱ្យផលប្រយោជន៍ការទូត របស់អាហ្សង់ទីន នៅប្រទេសវ៉េណេស៊ុយអេឡា បានទៀតនោះទេ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការសម្រេចចិត្តនេះគឺផ្អែកលើភស្តុតាងដែលថា បេសកកម្មរបស់ប្រេស៊ីល ត្រូវបានប្រើប្រាស់សម្រាប់ “រៀបចំផែនការសកម្មភាពភេរវកម្ម” នេះបើយោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
រដ្ឋាភិបាលវេណេស៊ុយអេឡា ក៏បានចោទប្រកាន់បុគ្គល នៅក្នុងស្ថានទូតពីបទរៀបចំ “ការប៉ុនប៉ងធ្វើឃាតប្រឆាំងនឹង ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ និងអនុប្រធានាធិបតីលោក Delcy Rodriguez” ។
ក្រុមប្រឹក្សាបោះឆ្នោតជាតិរបស់ ប្រទេសវេណេស៊ុយអេឡាបានប្រកាសថា លោក ម៉ាឌូរ៉ូ ជាអ្នកឈ្នះការបោះឆ្នោត ប្រធានាធិបតីកាលពីថ្ងៃទី២៩ ខែកក្កដា ហើយបានអំពាវនាវឱ្យរដ្ឋាភិបាល នៃប្រទេសអាហ្សង់ទីន ឈីលី កូស្តារីកា ប៉េរូ ប៉ាណាម៉ា សាធារណរដ្ឋដូមីនីកែន និងអ៊ុយរូហ្គាយ ដកបុគ្គលិកការទូតរបស់ពួកគេ ដែលត្រូវបានទទួលស្គាល់នៅក្នុងប្រទេស ដោយចោទប្រកាន់រដ្ឋាភិបាលនៃប្រទេសទាំង៧ ដែល ជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ៕
ប្រែសម្រួល ឈូក បូរ៉ា