តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានជំរុញឱ្យប្រទេស និងស្ថាប័នអន្តរជាតិ ទប់ស្កាត់ការកើតឡើងវិញនៃឧក្រិដ្ឋកម្មសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ West Bank នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Kanaani បានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ក្នុងការឆ្លើយតបទៅនឹងការដកទ័ពរបស់អ៊ីស្រាអែល ចេញពីទីក្រុងជេនីន និងទុលកាម ភាគខាងជើងតំបន់ West Bank ក៏ដូចជាជំរុំជនភៀសខ្លួនរបស់ពួកគេ បន្ទាប់ពីប្រតិបត្តិការយោធាជាច្រើនថ្ងៃ។
លោកបានលើកឡើងថា “វីដេអូនៃការបំផ្លិចបំផ្លាញដោយឆ្កួតលីលាលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងសេវាកម្មទាំងអស់នៃតំបន់ហ្គាហ្សា និងឥឡូវនេះផ្នែកខ្លះនៃភាគខាងជើងនៃតំបន់ West Bank ជាពិសេសនៅទីក្រុងជេនីន និងទុលកាម បានបង្ហាញថា របបអ៊ីស្រាអែល កំពុងបន្តយុទ្ធសាស្រ្តនៃការដុត ផែនដី”។
លោកបានបន្ថែមថា សហគមន៍អន្តរជាតិ មានកាតព្វកិច្ចខាងសីលធម៌ មនុស្សធម៌ និងផ្លូវច្បាប់ ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃ “ឧក្រិដ្ឋកម្មសង្គ្រាម” បែបនេះ។ ចាប់តាំងពីសប្តាហ៍មុនមក អ៊ីស្រាអែល បានធ្វើការវាយឆ្មក់ទ្រង់ទ្រាយធំនៅទូទាំងតំបន់ West Bank ភាគខាងជើង ដោយបញ្ជាក់ថា ប្រតិបត្តិការនេះមានគោលបំណងការពារការវាយប្រហារនាពេលអនាគតប្រឆាំងនឹងអ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា
