ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រាប់ទូត EU ថា វិធានការរបស់អាជ្ញាធរ លើបុគ្គលមួយចំនួន ដើម្បីថែរក្សាស្ថិរភាពសង្គម

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានថ្លែងប្រាប់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ថា វិធានការរបស់អាជ្ញាធរ ទៅលើបុគ្គលមួយចំនួន នាពេលថ្មីៗនេះ ដើម្បីថែរក្សាស្ថិរភាពសង្គម និងសន្តិសុខជាតិ ហើយធ្វើឡើងដោយស្របតាមច្បាប់ជាធរមានផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ស.ម.ក.។

ការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី នាឱកាសអញ្ជើញទទួលជួបលោក IGOR DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីពិភាក្សាការងារ នៅសាលប្រជុំ គ.ស.ម.ក.។ កិច្ចជំនួបនេះ រៀបចំឡើងក្នុង គោលបំណងបង្ហាញពីមូលដ្ឋានជាក់លាក់ ក្នុងការដាក់ចេញនូវវិធានការទាំងឡាយ របស់រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗកន្លងទៅនេះ។

បន្ទាប់ពីការម្តែងនូវកិច្ចស្វាគមន៍ចំពោះលោក Igor Driesmans និងសហការី, លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតអំពីមូលហេតុ នៃចាប់ខ្លួនបុគ្គលមួយចំនួន កាលពីពេលថ្មីៗនេះ ដោយសារអាជ្ញាធរបានរកឃើញភស្តុតាងរឹងមាំ និងជាក់លាក់ ដូចជា កាំបិត ស្នាប់ដៃ ដបសាំង កាំភ្លើងកែច្នៃ និងឧបករណ៍គ្រោះថ្នាក់ផ្សេងៗទៀត រួមទាំងរូបភាព និងសារសំឡេង ដែលក្រុមនេះបានត្រៀមរៀបចំ ព្រមទាំង ការកំណត់គោលដៅជាក់លាក់សម្រាប់ការវាយប្រហារ តួយ៉ាង ដូចជា ផ្ទះថ្នាក់ដឹកនាំ និងតំបន់សេដ្ឋកិច្ចពិសេស ជាដើម។

លោកទេសរដ្ឋមន្ត្រី បន្ដថា ផ្អែកលើភស្តុតាងទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ថា «សកម្មភាពរបស់បុគ្គលទាំងនោះ គឺមានផែនការគិតទុកជាមុនច្បាស់លាស់ ក្នុងគោលបំណងផ្តួលរំលំរបបរាជានិយម និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ»។

លោកទេសរដ្ឋមន្ត្រី បន្ថែមថា «ហេតុនេះ វិធានការរបស់អាជ្ញាធរ ដើម្បីថែរក្សាស្ថិរភាពសង្គម សណ្តាប់សាធារណៈ និងសន្តិសុខជាតិ គឺធ្វើឡើងដោយស្របតាមច្បាប់ និងនីតិវិធី ជាធរមាន។ ម្យ៉ាងវិញទៀត វិធានការចាប់ និងបញ្ជូនខ្លួនទៅតុលាការតាមនីតិវិធី ធ្វើឡើងចំពោះតែមេក្លោង តែប៉ុណ្ណោះ រីឯបុគ្គលដែលជឿតាម ឬចាញ់ការបោកបញ្ឆោតរបស់ពួកមេក្លោង ត្រូវបានអាជ្ញាធរអប់រំណែនាំ និងអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ»។

ក្រោយពីបានស្តាប់ការពន្យល់បកស្រាយរបស់ លោកទេសរដ្ឋមន្ត្រី រួចមក លោក Igor Driesmans បានបង្ហាញនូវចំណាប់អារម្មណ៍ថា រាល់កិច្ចសន្ទនាជាមួយ លោកទេសរដ្ឋមន្ត្រី តែងតែមានលក្ខណៈបើក ចំហក្នុងន័យស្ថាបនានា ដោយ លោក បានវាយតម្លៃខ្ពស់ថា កិច្ចសន្ទនាបែបនេះនឹងនាំមកនូវប្រសិទ្ធភាព ខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការ។

លោក ក៏បានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា ហើយ លោក នឹងបន្តគាំទ្រ និងជំរុញបន្ថែមដើម្បីទាក់ទាញការវិនិយោគ ឱ្យកាន់តែច្រើនពីអឺរ៉ុបមកកម្ពុជា រួមទាំងខិតខំជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជានិងអឺរ៉ុប ក្នុងអាណត្តិ ការងាររបស់លោក។

ទន្ទឹមនឹងនេះ លោកទូត ក៏បានបង្ហាញពីការយល់ឃើញមិនស្របគ្នាខ្លះជាមួយនឹងអាជ្ញាធរកម្ពុជា ចំពោះការអនុវត្តច្បាប់លើករណីមួយចំនួននាពេលថ្មីៗនេះ ជាពិសេស ការឃាត់ខ្លួនយុវជនបីនាក់ ក្នុងពេលមកចូលរួមសិក្ខាសាលាមួយដែលរៀបចំដោយសហភាពអឺរ៉ុប ដោយ លោក បានសំណូមពរ ឱ្យធ្វើការពិនិត្យពិចារណាលើករណីនេះ ក៏ដូចជា ករណីមួយចំនួនទៀតផងដែរ ដើម្បីបង្រួមគម្លាតនៃការយល់ ឃើញមិនស្របគ្នារវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ដោយសារតួនាទីភារកិច្ច និងការទទួលខុសត្រូវផ្សេងៗគ្នា ជាសត្យានុម័ត នឹងនាំឱ្យមានការយល់ឃើញមិនស្របគ្នាលើបញ្ហាខ្លះ តែតាមរយៈការជួបជជែក ពិភាក្សាគ្នា នឹងនាំឱ្យមានការយល់ពីគ្នាកាន់តែច្បាស់ ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើង ផងដែរ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីគោលជំហរមុតមាំក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការជួយទាក់ទាញ អ្នកវិនិយោគបន្ថែមទៀត៕

To Top