ព័ត៌មានអន្តរជាតិ

ចាប់ផ្តើមការទាញយកកំទេច កំទីឥន្ទនៈនុយក្លេអ៊ែរ នៅរោងចក្រហ្វូគូស៊ីម៉ា ឡើងវិញ

kyodo

តូក្យូ៖ ប្រតិបត្តិករនៃអគាររោងចក្រនុយក្លេអ៊ែរ Fukushima Daiichi បានចាប់ផ្តើមឡើងវិញ ក្នុងការព្យាយាមទាញយកឥន្ធនៈរលាយចំនួនតិចតួចពីម៉ាស៊ីនរ៉េអាក់ទ័ររបស់ខ្លួន បន្ទាប់ពីការប៉ុនប៉ងលើកដំបូងរបស់ខ្លួនកាលពីខែមុនត្រូវបានផ្អាកដោយសារតែភាពស្មុគស្មាញនៃការដំឡើង។

ការប៉ុនប៉ងទាញយកឥន្ធនៈដោយក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. គឺជាលើកទីមួយចាប់តាំងពីអគារនេះត្រូវបានខូចខាតបន្ទាប់ពីការរញ្ជួយដីដ៏ធំនិងរលកយក្សស៊ូណាមិ ក្នុងខែមីនា ឆ្នាំ២០១១ ហើយកើតឡើងបន្ទាប់ពីការផ្អាកចំនួន ៣លើក ចាប់តាំងពីផែនការដំបូងត្រូវបានគ្រោងនឹងចាប់ផ្តើមប្រហែល ៣ឆ្នាំមុន។

ក្រុមហ៊ុន TEPCO បានផ្អាកការសាកល្បងនៅថ្ងៃទី២២ ខែសីហា បន្ទាប់ពីបានរកឃើញបំពង់ទាំង ៥ ដែលត្រូវប្រើដើម្បីបញ្ចូលឧបករណ៍ទាញយកទៅក្នុងធុងផ្ទុករបស់ម៉ាស៊ីនរ៉េអាក់ទ័រលេខ២ ត្រូវបានតំឡើងមិនត្រឹមត្រូវ។

បន្ទាប់ពីបានបញ្ជាក់ថា ពេលនេះបំពង់ត្រូវបានដំឡើងតាមលំដាប់លំដោយត្រឹមត្រូវ ក្រុមហ៊ុនបានបញ្ជូនឧបករណ៍នេះតាមរយៈសន្ទះដាច់ដោយឡែក ដែលមានបំណងទប់ស្កាត់សារធាតុវិទ្យុសកម្មពីការភាយចេញ។

ក្រុមហ៊ុននេះមានគម្រោងបញ្ចូលឧបករណ៍ ដែលលាតសន្ធឹងដល់ទៅ ២២ម៉ែត្រចូលទៅក្នុងនាវាផ្ទុក ដើម្បីប្រមូលកំទេចកំទីតិចជាង ៣ក្រាម។ វាត្រូវបានគេរំពឹងថា វានឹងចំណាយពេលប្រហែល ២ សប្តាហ៍សម្រាប់ការស៊ើបអង្កេត ដើម្បីទៅដល់ ហើយបន្ទាប់មកទាញយកកំទេចកំទីមកធ្វើការពិសោធន៍។

ភារកិច្ចក្នុងការទាញយកឥន្ធនៈនុយក្លេអ៊ែរ ដែលរលាយនៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនៅក្នុងផែនការរំសាយចោលអស់ជាច្រើនទសវត្សរ៍សម្រាប់អគាររោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ដោយមានសំណល់ឥន្ធនៈប្រមាណ ៨៨០ តោននៅសេសសល់ក្នុងរ៉េអាក់ទ័រលេខ១, លេខ២ និងលេខ៣៕

ប្រែសម្រួល ឈូក បូរ៉ា

To Top