ព័ត៌មានអន្តរជាតិ

ចិនប្រកាសធ្វើសមយុទ្ធជើងទឹក និងអាកាសរួមគ្នាជាមួយរុស្ស៊ី ក្នុងពេលដែលរុស្ស៊ីដាក់សម្ពាធ លើការឈ្លានពានអ៊ុយក្រែន

Xinhua

បរទេស៖ ក្រសួងការពារជាតិចិនកាលពីថ្ងៃច័ន្ទបានប្រកាសពីសមយុទ្ធទ័ពជើងទឹក និងផ្លូវអាកាសរួមគ្នាជាមួយរុស្ស៊ីចាប់ពីខែនេះ ដោយបញ្ជាក់ពីភាពស្និទ្ធស្នាលរវាងយោធារបស់ប្រទេសទាំងពីរ នៅពេលដែលរុស្ស៊ីដាក់សម្ពាធលើការឈ្លានពានអ៊ុយក្រែន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិចិនបាននិយាយថា សមយុទ្ធឈ្មោះ “Northern United-2024” នឹងធ្វើឡើងនៅសមុទ្រជប៉ុន និងសមុទ្រ Okhotsk ភាគខាងជើង ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។

ក្រសួងបាននិយាយថា សមយុទ្ធកងទ័ពជើងទឹក និងផ្លូវអាកាសនេះ គឺមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ និង “ពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការរួមគ្នាដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ” ។

សេចក្តីជូនដំណឹងនេះក៏បាននិយាយផងដែរថា កងនាវាចរទាំងពីរនឹងធ្វើដំណើរជាមួយគ្នានៅប៉ាស៊ីហ្វិក ដែលជាលើកទីប្រាំដែលពួកគេបានធ្វើដូច្នេះ ហើយរួមគ្នាចូលរួមក្នុងសមយុទ្ធ ” Great Ocean-24″ របស់រុស្ស៊ី។ មិនមានព័ត៌មានលម្អិតត្រូវបានផ្តល់ឱ្យទេ។

ចិនបានបដិសេធមិនរិះគន់ការលុកលុយពេញលក្ខណៈរបស់រុស្ស៊ីមកលើអ៊ុយក្រែនទេ ដែលឥឡូវចូលឆ្នាំទីបីហើយ ហើយបានបន្ទោសអាមេរិក និងអង្គការណាតូដែលញុះញង់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។

ខណៈពេលដែលប្រទេសចិនមិនបានផ្តល់អាវុធដល់រុស្ស៊ីដោយផ្ទាល់ គឺចិនបានក្លាយទៅជាខ្សែជីវិតសេដ្ឋកិច្ចដ៏សំខាន់ក្នុងនាមជាអតិថិជនកំពូលសម្រាប់ប្រេង និងឧស្ម័នរបស់រុស្ស៊ី ក៏ដូចជាអ្នកផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក និងរបស់របរប្រើប្រាស់ផ្សេងទៀតទាំងស៊ីវិល និងយោធា៕

ប្រែសម្រួលៈ ណៃ តុលា

To Top