ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ លោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតជូនលោក Igor DRIESMAN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រីបានសម្តែងការអបអរសាទរចំពោះលោក Igor DRIESMAN ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានប្រតិភូសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា និងបានជម្រាបជូន លោកអគ្គរដ្ឋទូត និងសហការី អំពីចក្ខុវិស័យ និងគោលដៅយុទ្ធសាស្ត្រអាទិភាពទាក់ទងនឹងវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានបន្តលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥គឺៈ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគន្លឹះអាទិភាពចំនួន ៥ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឲ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោករដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីទិដ្ឋភាពទូទៅនៅតំបន់ជនបទ និងការចូលរួមរបស់ក្រសួង ដើម្បីប្រែក្លាយជនបទឲ្យមានភាពរីកចម្រើន មានកំណើនប្រាក់ចំណូលក្នុងគ្រួសារ និងបង្ខិតភូមិជនបទមកជិតទីក្រុង និងទីប្រជុំជន តាមរយៈការកំណត់យកចក្ខុវិស័យ ៥ឆ្នាំរបស់ខ្លួន (២០២៤-២០២៨)គឺ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយបរិយាប័ន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ធានាបានប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៤រួមមានៈ (ទី១) ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍, (ទី២) ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ,(ទី៣) ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និង (ទី៤) ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។

បន្ថែមពីនេះទៀត លោករដ្ឋមន្ត្រីក៏បានលើកអំពីទិសដៅយុទ្ធសាស្រ្តមួយទៀត ដែលក្រសួងកំពុងយកចិត្តទុកដាក់ និងអនុវត្តនោះគឺការរៀបចំភូមិគម្រូ ដោយកម្មវិធីនេះក៏ស្ថិតក្នុងយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក៏បានសំដែងការថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា និងជាដៃគូសហការណ៍យ៉ាងស្អិតរមួត ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លើផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន័ជនបទ ការគាំទ្រលើសេវាទឹកស្អាត និងអនាម័យ និងផ្តល់ជាបច្ចេកទេសផងដែរ។

លោក Igor DRIESMAN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានប្រតិភូសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទដែលប្រែក្លាយតំបន់ជនបទ ឲ្យមានភាពរីកចម្រើនតាមរយៈការកាត់បន្ថយភាពក្រីក្រ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម។

លោក បានលើកភាពជាដៃគូយូរអង្វែង ជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងឆ្នាំ ១៩៨០ រហូតមកដល់បច្ចុប្បន្ន និងសន្យាពង្រឹងកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែរឹងមាំថែមទៀត។

ជាចុងក្រោយ លោក Igor DRIESMAN បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលអនុញ្ញាតជូនរូបលោក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ៕

To Top